បាល់ទាត់

ហុងកុងៈ Kitchee SC បានកៅអី AFC Cup ឆ្នាំនេះជំនួស Tai Po FC ដែលដកខ្លួនព្រោះវិបត្តិសេដ្ឋកិច្ច

ក្លិបតំណាងឲ្យលីគកំពូលហុងកុងក្នុងព្រឹត្តិការណ៍លំដាប់ទ្វីបអាស៊ីកម្រិតទី២ AFC Cup រដូវកាល២០២០ នេះមានការផ្លាស់ប្តូរជាផ្លូវការ ដោយផ្តល់ទៅដល់ Kitchee SC ជំនួសកៅអីក្លិប Tai Po FC ដែលបានប្រកាសដកខ្លួនចេញទាំងក្នុងពានក្នុងស្រុក និងពានអន្តរជាតិព្រោះកំពុងជួបវិបត្តិសេដ្ឋកិច្ចដោយសារជំងឺ COVID-19 ។

Tai Po FC (រូបខាងក្រោម ឈុតបៃតង) ដែលជាម្ចាស់ជើងឯកលីគកំពូលហុងកុង (Hong Kong Premier League) ឆ្នាំកន្លងទៅ២០១៩ ដើមឡើយជាតំណាងក្លិបតែ១គត់ឲ្យហុងកុងលេងក្នុងព្រឹត្តិការណ៍ AFC Cup ឆ្នាំ២០២០ ប៉ុន្តែដោយហេតុតែលីគកំពូលហុងកុងត្រូវបានសម្រាក់ ដោយសារជំងឺរាតត្បាត COVID-19 ក្លិបក៏បានជួបប្រទះសេដ្ឋកិច្ច ក៏បានស្នើសុំដកខ្លួនពីគ្រប់ព្រឹត្តិការណ៍ក្នុងឆ្នាំនេះជាបណ្តោះអាសន្ន។

ដើម្បីជំនួសកៅអីទំនេរសហព័ន្ធបាល់ទាត់ទ្វីបអាស៊ី (AFC) បានសហការជាមួយសមាគមបាល់ទាត់ហុងកុង (HKFA) ជ្រើសរើសក្លិប Kitchee SC (រូបខាងលើ ឈុតខៀវ) មកជំនួសកៅអីមួយនេះ។

គួរឲ្យដឹងផងថា Kitchee SC គឺស្ថិតនៅចំណាត់ថ្នាក់លេខរៀងទី៤ ប៉ុណ្ណោះក្នុងតារាងលីគកំពូលហុងកុងឆ្នាំទៅមិញ ដោយជើងឯករងជាក្លិបមានមូលដ្ឋាននៅប្រទេសចិន R&F SL ដូច្នេះមិនមានសិទ្ធិតំណាងហុងកុង ឯក្លិបឈរលេខរៀងទី៣ Southern FC ដ្បិតមានពិន្ទុស្មើរគ្នា ប៉ុន្តែគិតតាមរូបមន្ត Head-to-Head ធ្លាប់ចាញ់ Kitchee SC ។

ដូច្នេះជារួមមក Kitchee SC នឹងស្ថិតនៅក្នុងពូល I ក្នុងព្រឹត្តិការណ៍ AFC Cup ឆ្នាំ២០២០ ដោយរួមជាមួយក្លិបតៃវ៉ាន់ Tatung FC និងក្លិបម៉ាកាវ MUST CPK ខណៈនៅរង់ចាំអ៊ុតមួយក្លិបទៀតក្នុងចំណោមក្លិបទាំងពីរដែលត្រូប្រកួតជម្រុះជាមុនសិនមានក្លិបម៉ុងហ្គោល Ulaanbaatar City FC និងក្លិបតៃវ៉ាន់មួយទៀត Taipower FC ។

ក្រឡេកមើលក្នុងលីគកំពូលហុងកុងរដូវកាល២០២០ នេះបន្តិច មិនមានត្រឹមតែក្លិបជើងឯកឆ្នាំចាស់ Tai Po FC ឡើយដែលបានដកខ្លួនចេញ នៅមានក្លិបចំនួន ៣ផ្សេងទៀតដូចជា Rangers FC, Yuen Long FC និង Pegasus FC ដែលសុទ្ធសឹងបានស្នើដកខ្លួនដោយសារមូលហេតុរួមព្រោះវិបត្តិសេដ្ឋកិច្ចពី COVID-19 ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628