បាល់ទាត់

សមាជិកឈុតធំ Everton យល់ព្រមកាត់ប្រាក់ឈ្នួលពាក់កណ្តាលជួយក្លិបបន្តរយៈពេល ៣ខែទៀត

សមាជិកក្រុមការងារគ្រូបង្វឹក និងគ្រប់កីឡាករក្នុងឈុតធំប្រចាំក្លិប Everton បានមូលមតិគ្នាឯកភាពយល់ព្រមបើកប្រាក់ឈ្នួលខ្លួនតែពាក់កណ្តាល ឬ ៥០% របស់ខ្លួនបន្តរយៈពេល ៣ខែបន្ថែមទៀត ដើម្បីចូលរួមក្នុងយុទ្ធនាការទប់ស្កាត់ការចំណាយលើសលុបនាំឲ្យវិបត្តិហិរញ្ញវត្ថុក្លិបក្នុងសម័យកាល COVID-19 ។

ដ្បិតលីគកំពូលអង់គ្លេសនឹងវិលត្រឡប់មកវិញនាសប្តាហ៍ក្រោយក្តី ប៉ុន្តែក៏ពុំអនុញ្ញាតឲ្យមានអ្នកគាំទ្រចូលទស្សនាផ្ទាល់ឡើយ។ ស្ថិតនៅក្នុងកាលៈទេសៈដ៏ពិបាកនេះ ក្លិបនីមួយៗ ស្ទើរជុំវិញពិភពលោកក៏ដូចជា Everton សុទ្ធសឹងតែជួបប្រទះនូវការខាតបង់ផ្នែកហិរញ្ញវត្ថុ ដែលនេះជាមូលចម្បងនាំឲ្យក្រុមការងារគ្រូបង្វឹក និងក្រុមកីឡាករក្នុងឈុតធំប្រចាំក្លិបក្របខណ្ឌ Premier League នេះស្ម័គ្រចិត្តរួមគ្នាកាត់ប្រាក់ឈ្នួលដល៉ទៅ ៥០% ។

តាមសេចក្តីប្រកាសរបស់ក្លិបផ្ទាល់ ក្រុមការងារគ្រូបង្វឹករបស់លោក Carlo Ancelotti និងកីឡាករគ្រប់រូបបន្តការកាត់ប្រាក់ឈ្នួលខ្លួនលើសពីពេលកន្លងមកដោយតម្លើងពី ៣០% (ចាប់ពីខែមីនា) ទៅដល់ ៥០% ពីខែមិថុនា បន្តទៅមុខដល់ដំណាច់ខែសីហា ឆ្នាំ២០២០ ។

ចំពោះការវិលត្រឡប់មកវិញនៃក្របខណ្ឌលីគកំពូលអង់គ្លេស Everton នឹងត្រៀមប៉ះគ្នាជាមួយជើងខ្លាំង Liverpool នាថ្ងៃទី២១ ខែមិថុនា ខណៈបច្ចុប្បន្នភាពកំពុងឈរលេខរៀងទី១២ ក្នុងដំណើររដូវកាល២០១៩/២០២០ នេះ៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628