បាល់ទាត់

វីរៈបុរសនៃក្រុមជម្រើសជាតិចិនម្នាក់ រិះគន់របបដឹកនាំកុម្មុយនីស្តក្នុងប្រទេសកំណើតខ្លួន

អតីតកីឡាករ និងត្រូវគេចាត់ទុកជាវីរៈបុរសមួយរូបនៃក្រុមជម្រើសជាតិចិនពីអតីតកាលលោក Hao Haidong បានបង្កើតចំណាប់អារម្មណ៍សាជាថ្មីដល់ពិភពលោក ដោយរូបគាត់បានធ្វើការរិះគន់ទៅលើរបបដឹកនាំបែបកុម្មុយនីស្តដែលមានវត្តមានក្នុងប្រទេសចិនសព្វថ្ងៃ។

Hao Haidong បច្ចុប្បន្នភាពមានវ័យ ៥០ឆ្នាំ និងកំពុងស្នាក់នៅក្នុងគេហដ្ឋានជាមួយភរិយាអ្នកស្រី Ye Zhaoying (អតីតកីឡាការិនីជម្រើសជាតិវាយសីចិន) ស្ថិតនៅប្រទេសអេស្ប៉ាញ ក្នុងនាមជាជនជ្រកកោនព្រោះកត្តានយោបាយបង្ខំ។ រូបគាត់គឺជាអតីតកីឡាករបាល់ទាត់ដែលមានឈ្មោះបោះសម្លេងមួយរូបរបស់ប្រទេសចិនកំឡុងទសវត្សរិ៍ឆ្នាំ១៩៩០ និងឆ្នាំ២០០០ ។

ខណៈកាលពីពេលថ្មីៗ កន្លងទៅនេះរូបគាត់បានបញ្ចេញវីឌីអូមួយខ្សែមានរយៈពេល ៥៣នាទីក្នុងបណ្តាញសង្គម Youtube ដោយមានឃើញរូបលោក និងភរិយាកំពុងនៅក្នុងគេហដ្ឋាននៅឯប្រទេសអេស្ប៉ាញ ដោយរូបគាត់ផ្ទាល់បានបញ្ចេញមតិរិះគន់ខ្លាំងៗ លើរបបដឹកនាំបែបកុម្មុយនីស្តនៃរដ្ឋាភិបាលចិន ដែលការលើកឡើងនេះពាក់ព័ន្ធទៅនឹងខួបលើកទី៣១ នៃការសម្លាប់រង្គារលើនិស្សិតចិនក្នុងទីលានធានអានមីន ឆ្នាំ១៩៨៩ ។ មកទល់សព្វថ្ងៃ ប្រទេសចិននៅតែព្យាយាមលាក់បាំងចំនួនតួរលេខពិតប្រាកដនៃនិស្សិតដែលបានបាត់បង់ជីវិតនាឆ្នាំនោះ ប៉ុន្តែតាមការស្រាវជ្រាវពីប្រភពអង្គការសិទ្ធិមនុស្សជាច្រើនបានអះអាងថា មានអ្នកស្លាប់មិនក្រោម១ពាន់នាក់ឡើយ។

យ៉ាងណាក្តី! វីឌីអូរបស់លោកក្រោយធ្វើការបង្ហោះបានប៉ុន្មានថ្ងៃ ក៏ត្រូវបានជនអនាមិកធ្វើការលុបចេញពីគណនី Youtube ទៅហើយ ប៉ុន្តែត្រូវបានសារព័ត៌មានបរទេសជាច្រើនធ្វើការចាប់បាន និងស្រង់យកសម្តីចុះផ្សាយបន្តបន្ទាប់។

មួយផ្នែកក្នុងវីឌីអូរបស់លោក Hao Haidong បាននិយាយថាៈ

៉ ខ្ញុំគិតថាប្រជាជនចិនគ្រប់រូប មិនគួរត្រូវបានជាន់ឈ្លីសិទ្ធិសេរីភាពដោយបក្សកុម្មុយនីស្តចិនបន្តទៀតនោះទេ។ ខ្ញុំគិតថាបក្សកុម្មុយនីស្តចិនមួយនេះគួរតែត្រូវដកចេញពីភពផែនដី ឬបណ្តេញចេញពីមនុស្សជាតិ។ នេះគឺជាការលើកឡើងរបស់ខ្ញុំ ដោយឆ្លងកាត់អាយុជីវិត ៥០ឆ្នាំកន្លងមកនេះ។  ៉ 

គួរបញ្ជាក់ផងថា នេះមិនមែនជាលើកដំបូងឡើយ ដោយកន្លងមកអតីតកីឡាករលេងក្នុងតំណែងខ្សែប្រយុទ្ធរូបនេះ ធ្លាប់ត្រូវបានសារព័ត៌មានចាប់អារម្មណ៍ថាជាបុគ្គលចូលចិត្តក្នុងការរិះគន់ស្ថាបនាក្នុងសង្គមជាតិចិន និងមាននិន្នាការប្រឆាំងនឹងរបបដឹកនាំបែបកុម្មុយនីស្តចិន ដែលនេះជាមូលហេតុរុញច្រានឲ្យគាត់ចាកចេញពីប្រទេសកំណើតតាំងពីឆ្នាំ២០១៤ មកម្ល៉េះ។

រំលឹកទៅអតីតកាលក្នុងវិស័យបាល់ទាត់លោក Hao Haidong បានផ្តើមអាជីពបាល់ទាត់តាំងពីឆ្នាំ១៩៨៦ ដោយធ្លាប់លេងឲ្យក្លិបក្នុងស្រុក Bayi FC (រំសាយក្លិបតាំងពីឆ្នាំ២០០៣)  Dalian Shide FC (សមាជិកលីគកំពូលចិនបច្ចុប្បន្ន) ព្រមទាំងក្លិបនៅអង់គ្លេសជាមួយ Sheffield United មួយរយៈកាលខ្លីផងដែរ។ ក្នុងអាជីពរូបគាត់ធ្លាប់ឈ្នះពានលីគកំពូលចិន ៦សម័យកាល, ពានខាប់ចិន ២សម័យកាល និងពានបើករដូវកាលចិន ៣សម័យកាលផងដែរ។

ក្រឡេកមើលស្ថិតិក្នុងជម្រើសជាតិចិនវិញ បានធ្លាប់បង្ហាញខ្លួនតាំងពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០០៤ ដោយបង្ហាញខ្លួនសរុប ១០៧លើក និងកាន់កាប់កំណត់ត្រាអ្នករកគ្រាប់បាល់ច្រើនជាងគេក្នុងប្រវត្តិសាស្ត្រនៃក្រុមជម្រើសជាតិមហាយក្សមួយនេះពោលគឺ ៤១គ្រាប់ម្នាក់ឯង។ ក្នុងរជ្ជកាលរបស់គាត់ ចិន ក៏ធ្លាប់បានឡើងដល់វគ្គចែកពូលក្នុងព្រឹត្តិការណ៍ FIFA World Cup ជាលើកដំបូង និងតែម្តងគត់ក្នុងព្រឹត្តិការណ៍លំដាប់ពិភពលោកមួយនេះកាលពីឆ្នាំ២០០២ ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628