បាល់ទាត់

លីគកំពូលជប៉ុនឆ្នាំនេះ អាចមិនប្រើប្រាស់ VAR ដើម្បីរក្សាគោលការណ៍គម្លាតសង្គម

ប្រព័ន្ធជំនួយការអាជ្ញាកណ្តាលអេឡិកត្រូនិក (VAR) អាចនឹងមិនត្រូវបានប្រើប្រាស់ក្នុងរដូវកាល២០២០ នេះនៅក្របខណ្ឌលីគកំពូលជប៉ុនដូចរដូវកាលមុនឡើយ ព្រោះតែដើម្បីរក្សាគោលការណ៍គម្លាតសង្គម កុំឲ្យរាលឆ្លងនៃជំងឺ COVID-19 ។

ដ្បិតមិនទាន់បានសម្រេចជាផ្លូវការក៏ដោយ ប៉ុន្តែយោងតាមការសន្និដ្ឋាន និងការចុះផ្សាយជាច្រើននៃសារព័ត៌មានជប៉ុនផ្ទាល់ បានបង្ហាញថា ការប្រើប្រាស់ VAR អាចនឹងមិនកើតឡើងឡើយក្នុងរដូវកាលថ្មីនេះ ស្របពេលដែលការប្រកួតក៏ពុំអនុញ្ញាតឲ្យមានអ្នកចូលរួមទស្សនាផ្ទាល់ដូចគ្នា។ ទាំងនេះសុទ្ធសឹងតែជាការគោរពទៅលើគោលការណ៍គម្លាតសង្គមពីរដ្ឋាភិបាលជប៉ុន។ ចំពោះការប្រជុំសម្រេចនឹងប្រព្រឹត្តឡើងនៅថ្ងៃទី២៦ ចុងខែមិថុនា ខាងមុខនេះ។

គួរឲ្យដឹងផងថា លីគកំពូលជប៉ុន (J-1 League) តាមកាលវិភាគនឹងវិលត្រឡប់មកដំណើរការវិញពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០ ស្របពេលលីគលំដាប់ទី២ និងលីគលំដាប់ទី៣ នឹងរៀបចំលេងមុនមួយសប្តាហ៍ ពោលកំឡុងចុងខែមិថុនា ឆ្នាំ២០២០ ៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628