បាល់ទាត់

គ្រូ Sheffield United ដាក់គោលដៅដណ្តើមកៅអី Top4 ពេល Premier League ត្រឡប់មកវិញ

អ្នកចាត់ការទូទៅរបស់ក្លិប Sheffield United លោក Chris Wilder បានបង្ហាញជំនឿចិត្ត និងដាក់គោលដៅដណ្តើមកៅអីទៅលេងក្របខណ្ឌពានកម្រិតទ្វីបអឺរ៉ុប UEFA Champions League នារដូវកាលបន្ទាប់ នៅពេលក្របខណ្ឌលីគកំពូលអង់គ្លេសនឹងវិលត្រឡប់មកដំណើរការវិញនាសប្តាហ៍ក្រោយតទៅ។

បច្ចុប្បន្នភាពក្នុងរដូវកាល២០១៩/២០២០ នេះ លោក Chris Wilder បានជួយឲ្យក្លិបទើបឡើងពីក្របខណ្ឌលីគលំដាប់ទី២ អង់គ្លេស រដូវកាលមុនខាងលើឈរលេខរៀងទី៧ ក្នុងតារាង Premier League ដោយប្រកួត ២៨សប្តាហ៍ ឈ្នះ ១១លើក ស្មើរ ១០លើក និងចាញ់ ៧លើក។ បើក្រឡេកមើលក្នុងតារាងលីគកំពូលអង់គ្លេសនាពេលនេះ Sheffield United មានគម្លាតតែ ៥ពិន្ទប៉ុណ្ណោះពីក្រោម Chelsea ដែលកំពុងកាន់កាប់ចំណាត់ថ្នាក់លេខរៀងទី៤ ។

ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយ Punching. បុរសដែលចូលដឹកនាំក្លិបខាងលើតាំងពីឆ្នាំ២០១៦ រូបនេះបាននិយាយថាៈ

៉ នៅចំពោះមុខមាន Chelsea, Manchester United, Wolves និង Leicester City តែយើងប្រាកដថាត្រូវមានគោលដៅ និងសុបិន និងមហិច្ឆតារៀងៗ ខ្លួន។ ពួកយើងនឹងត្រៀមខ្លួនគ្រប់លក្ខណៈ និងខិតខំឲ្យអស់ពីចិត្តដើម្បីស្វែងរកពិន្ទុបន្ថែមពីលើ ៤៣ពិន្ទុដែលយើងមានស្រាប់ពេលនេះ។   ៉ 

យ៉ាងណាក្តី! ដោយសាររដូវកាលបន្ទាប់ក្លិប Manchester City បានត្រូវសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) ធ្វើការពិន័យមិនឲ្យប្រកួតប្រជែងក្នុងក្របខណ្ឌពានអន្តរជាតិ ដូច្នេះជាឳកាសសម្រាប់ក្លិបដទៃងាយស្រួលដណ្តើមកៅអីនេះជំនួសវិញ។

បើសង្កេតបន្ថែមក្នុងតារាងលីគ ពីចំណាត់ថ្នាក់លេខរៀងទី៣ Leicester City មាន ៥៣ពិន្ទុ , Chelsea មាន ៤៨ពិន្ទុ , Manchester United មាន ៤៥ពិន្ទុ , Wolves មាន ៤៣ពិន្ទុ ដូច Sheffield United ផងដែរ។ ខណៈក្លិបទាំងនេះសុទ្ធតែមានឳកាសលេងពានកម្រិតទ្វីបអឺរ៉ុបទាំង ២កម្រិតនារដូវកាលបន្ទាប់។

ចុងក្រោយ! ក្លិបជើងឯករងលីគលំដាប់ទី២ អង់គ្លេសរដូវកាលមុនខាងលើ នឹងត្រូវត្រៀមតតាំងជាមួយ Aston Villa សម្រាប់ការប្រកួតសប្តាហ៍ទី២៩ នាថ្ងៃទី១៧ ខែមិថុនា ៥ថ្ងៃខាងមុខទៀតនេះ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628