កីឡាផ្សេងទៀត

បាល់ទះ មានកីឡាករចេញទៅប្រកបអាជីពដល់ថៃ ឥណ្ឌូនេស៊ី តែក្នុងស្រុកអត់មានការប្រកួត

ក្លិបបាល់ទះអាជីពនៅតំបន់អាស៊ានសុទ្ធតែទទួលស្គាល់ និងទាក់ទងកីឡាករកម្ពុជាទៅលេងឲ្យខ្លួន ដូចជានៅ ថៃ និង ឥណ្ឌូនេស៊ី បន្ទាប់ពីឃើញការបង្ហាញសមត្ថភាពយ៉ាងល្អនៅស៊ីហ្គេម។ យ៉ាងណាក្តី សម្រាប់ក្នុងស្រុក កម្ពុជា មិនមានការប្រកួតលីគស្តង់ដារសោះ អំឡុង២ឆ្នាំចុងក្រោយ។ បើមានគឺមានតែការវាយខាងក្រៅផ្លូវការទៅវិញ។

នៅអំឡុងស៊ីហ្គេម គេឃើញវត្តមាន សួន​ ចាន់ណារ៉ូ​ និង​ វឿន​ វាសនា​ ដែល​ត្រូវបាន​​ក្លឹប​បាល់ទះ Prince នៅថៃ​​ ទិញពីវិសាខារបស់កម្ពុជាទៅលេងនៅលីគកំពូលរបស់គេ។ មិនតែប៉ុណ្ណោះ ក្លិប Jakarta Garuda Men’s Volleyball Club របស់ឥណ្ឌូនេស៊ី ក៏បានខ្ចីជើងកីឡាករជម្រើសជាតិកម្ពុជា គួន ម៉ុម ទៅលេងនៅលីគកំពូលខ្លួន រយៈពេល៣ខែផងដែរ។

នេះជាសមិទ្ធិផលដ៏អស្ចារ្យនេះ មិនរាប់ទាំង ឯកឧត្តម ស សុខា ដែលបានទិញក្លិបបាល់ទះមួយនៅថៃ ហើយប្តូរឈ្មោះទៅជា វិសាខា ដូចនៅកម្ពុជាដែរ។ ក្លិបវិសាខាថៃ ប្រមូលផ្តុំដោយកីឡាករក្នុងស្រុកល្អៗ និងថែមទាំងមាន បរទេស២រូបទៀតមកពី ប្រេស៊ីល និង ហ្វ៊ីលីពីន។ ពួកគេដណ្តើមបានចំណាត់ថ្នាក់លេខ៣នៅលីគកំពូលថៃ ២០១៨-២០១៩ ។

ផ្ទុយពីថៃ កម្ពុជា ពុំមានការប្រកួតជាលក្ខណៈលីគឡើយនៅ២ឆ្នាំចុងក្រោយ។ កាលពីឆ្នាំ២០១៩ លោក បឹង គឹមតោ អគ្គលេខាធិការសហព័ន្ធបាល់ទះ បានប្រាប់សារពត៌មានក្នុងស្រុកមួយថា «សហព័ន្ធ​នឹង​ជំរុញ​អាច​នា​ពេល​ឆាប់ៗ​នេះ​ឲ្យ​មាន​ប្រកួត​ជា​លីគ​ជា​ដើម​ យើង​អាច​​រៀប​ចំ​លីគ​បាន​ទាល់​តែ​យើង​មាន​ថវិកា​គ្រប់​គ្រាន់​ អ៊ីចឹង​ថវិកា​ទាល់​តែ​មាន​ស្ពន់ស័រ​ជួយ​ទើប​អាច​ទៅ​បាន​។ ដូច្នេះ​យើង​ខិតខំ​ប្រឹងប្រែង​ទី១​ យើង​ត្រូវ​មាន​ស្ពន់ស័រ​មួយ​ជាមុន​សិន​ ហើយ​បាន​យើង​ឈាន​ទៅ​ដំណើរ​ការ​ផ្សេង​ទៀត​បាន​​»។

បច្ចុប្បន្នភាពចុងក្រោយ មកទល់ពេលនេះគឺស្ងាត់ដំណឹងដដែល ប៉ុន្តែការប្រកួតនៅតាមទីលានឯកជនវិញផុសផុលមែនទែន។ ការប្រកួតមួយៗ មានទស្សនិកជនមិនក្រោម៣០០នាក់ និងអ្នកទស្សនាលើការផ្សាយផ្ទាល់រហូតដល់ម៉ឺននាក់សម្រាប់គូពិសេស។

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628