បាល់ទាត់

ផ្លូវការៈ Pedro Chirivella ដាច់ចិត្តដើរចេញពី Liverpool រកបានទ្រនំថ្មីនៅប្រទេសបារាំង

ជាផ្លូវការ ក្លិបហង្សក្រហម Liverpool បានសម្រេចចែកផ្លូវគ្នាជាអចិន្ត្រៃយ៍ជាមួយខ្សែបម្រើវ័យក្មេង Pedro Chirivella ដោយកីឡាកររូបនេះអ្នកសម្រេចចិត្តចាកចេញទៅចូលរួមទ្រនំថ្មីដោយគ្មានតម្លៃខ្លួនជាមួយក្លិប FC Nantes នៃលីគកំពូលបារាំង។

តាមកិច្ចសន្យាជាមួយក្លិប Liverpool កីឡាករសញ្ជាតិអេស្ប៉ាញម្ចាស់អាវលេខ៦៨ រូបនេះនឹងអស់សពុលភាពត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២០ ពោលក្នុងខែនេះឯង។ តែយ៉ាងណា! ពេលនេះ Pedro Chirivella ត្រូវបានក្លិបលីគកំពូលបារាំង FC Nantes បានទាក់ទងនាំយកជាផ្លូវការផងដែរ ដោយចូលរួមគ្មានតម្លៃខ្លួនផ្ទេរ។

ទៅដល់ប្រទេសបារាំង កីឡាករលេងក្នុងតំណែងបម្រើការពារខាងលើបានចុះកិច្ចសន្យាមានសពុលភាពរហូតដល់ដំណាច់រដូវកាល២០២២/២០២៣ ជាមួយការផ្តល់លេខអាវថ្មី លេខ៥ ។

ជាការពិតទៅ តាមការចុះផ្សាយរបស់ការសែតនាតំបន់អឺរ៉ុបមួយចំនួនបានបង្ហើបឲ្យដឹងថាក្លិបការពារជើងឯក UEFA Champions League នៅអង់គ្លេសក៏បានព្យាយាមបញ្ចុះបញ្ចូលក្នុងគោលបំណងផ្តល់កិច្ចសន្យាថ្មីដល់ Pedro Chirivella ដើម្បីឲ្យបន្តស្នាក់នៅទឹកដី Anfield តទៅមុខទៀត ប៉ុន្តែត្រូវបានបដិសេធដោយសាមីកីឡាករ។

រំលឹកទៅអតីតកាលកីឡាករកម្ពស់ ១.៧៨ម៉ែត្ររូបនេះជាអតីតយុវជនថ្នាល់របស់ក្លិបលីគកំពូលអេស្ប៉ាញ Valencia និងត្រូវបាន Liverpool នាំយកមកអង់គ្លេសតាំងពីឆ្នាំ២០១៣ ហើយបានទទួលឳកាសបង្ហាញខ្លួនក្នុងឈុតធំលើកដំបូងក្នុងឆ្នាំ២០១៥។ បន្តមកទៀតត្រូវបានដាក់ឲ្យខ្ចីជើងទៅកាន់ក្លិបហូឡង់ចំនួន ២រដូវកាល និងចុងក្រោយក្នុងរដូវកាលនេះទើបត្រឡប់មករួមក្រុមវិញក្រោមការដឹកនាំរបស់លោក Jurgen Klopp ក៏បានផ្តល់ឳកាសឲ្យលេងលើទីលានសរុបតែ ៥ប្រកួតមុនឈានដល់ការចាកចេញខាងលើ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628