បាល់ទាត់

មូលហេតុ ៣យ៉ាងដែលអឺរ៉ាក់ជ្រើសរើសវៀតណាមជាដៃគូមិត្តភាពនាខែតុលា មុនជម្រុះវើលខាប់

ក្រុមជម្រើសជាតិអឺរ៉ាក់ នឹងធ្វើដំណើរមកកាន់រដ្ឋធានីហាណូយ ដើម្បីណាត់ប្រកួតមិត្តភាពជាមួយម្ចាស់ផ្ទះជម្រើសជាតិវៀតណាម​ នាថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ ខាងមុខនេះ ដែលជាការប្រកួតកម្តៅសាច់ដុំមុនការប្រកួតជម្រុះ FIFA World Cup ២០២២ និង AFC Asian Cup ២០២៣ វិលត្រឡប់មកវិញ។

ខាងក្រោមនេះជាមូលហេតុ ៣យ៉ាងដែលក្រុមការងារ VEHA Media លើកអំណះអំណាងដែលភាគីទាំងទ្វេយល់ព្រមធ្វើការប្រកួតមិត្តភាពៈ

១.កាលវិភាគទំនេរដូចគ្នា

ក្រុមជម្រើសជាតិទាំងពីរខាងលើ បើក្រឡេកមើលក្នុងកាលវិភាគប្រកួតជម្រុះជុំទី២ ប្រចាំទ្វីបអាស៊ីទៅកាន់ព្រឹត្តិការណ៍ FIFA World Cup និង AFC Asian Cup គឺទំនេរក្នុងការប្រកួតតាមថ្ងៃ FIFA Day ដូចគ្នា។ ដូច្នេះក្រោយបញ្ចប់ការប្រកួតមិត្តភាពរួចរាល់ ក្រុមជម្រើសជាតិទាំងទ្វេមានភារកិច្ចផ្លូវការរៀងៗខ្លួន ពោលដោយ អឺរ៉ាក់ បន្តដំណើរទៅជួបម្ចាស់ផ្ទះ ហុងកុង ឯវៀតណាម ក៏ចាកចេញពីប្រទេសទៅសួរសុខទុក្ខម្ចាស់ផ្ទះម៉ាឡេស៊ី។

២.កត្តាភូមិសាស្ត្រ

ជាការពិត! បើសង្កេតឲ្យម៉ត់ចត់ពីកត្តាភូមិសាស្ត្រ គឺជារឿងដ៏ត្រឹមត្រូវដែលអឺរ៉ាក់ បានជ្រើសរើសប្រទេសវៀតណាម ជាទឹកដីប្រកួតមិត្តភាព។ ការធ្វើដំណើរមកនេះគឺសក្តិសម និងអំណោយផលដល់ក្រុមជម្រើសជាតិទាំងពីរ ខណៈ អឺរ៉ាក់ អាចមកបន្សុាំអាកាសធាតុនៅ វៀតណាម មុនបន្តទៅ ហុងកុង ដែលស្ថិតនៅតំបន់ជិតគ្នាស្រាប់។ ចំណែក វៀតណាម ក៏ដូចគ្នាដោយមិនចាំបាច់ធ្វើដំណើរវែងឆ្ងាយ ពោលក្រោយបញ្ចប់ការប្រកួតមិត្តភាពក៏អាចចាកចេញទៅកាន់ម៉ាឡេស៊ី ដែលស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ជាមួយគ្នាស្រាប់។

៣.កម្រិតសមត្ថភាពប្រហាក់ប្រហែលគ្នា

វាជាការសមជើងមួយដ៏ល្អ សម្រាប់ក្រុមជម្រើសជាតិទាំងសងខាងដែលបានសម្រាកពីសកម្មភាពបាល់ទាត់មួយរយៈដោយសារជំងឺ COVID-19 ។ តែអ្វីគួរឲ្យកត់សម្គាល់នោះ! បើក្រឡេកមើលលទ្ធផលនៃប្រកួតកន្លងមកក្នុងដំណើរជម្រុះផ្លូវការខាងលើ ទាំងអឺរ៉ាក់ និងវៀតណាម កំពុងកាន់កាប់កំពូលតារាងតាមពូលរៀងៗ ខ្លួន។ អឺរ៉ាក់ ដែលក្នុងពូលជាមួយ កម្ពុជា បានប្រកួត ៥លើក ឈ្នះ៣ និងស្មើរ២ ឯវៀតណាម ស្ថិតនៅពូល G ក៏កាន់កាប់កំពូលតារាង ហើយមានលទ្ធផលឈ្នះ៣ និងស្មើរ២ ដូចគ្នាតែម្តង៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628