បាល់ទាត់

បង្ហាញការប្រកួតប្រើប្រាស់កាតក្រហមច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់អាជីព

ការប្រកួតបាល់ទាត់ផ្លូវការក្នុងក្របខណ្ឌលីគអាជីពនាប្រទេសអាហ្សង់ទីនមួយ ដែលបានកើតឡើងតាំងពីឆ្នាំ២០១១ ត្រូវបានចារ្យទុកជាប្រវត្តិសាស្ត្រថាជាការប្រកួតដែលមានការប្រើប្រាស់កាតក្រហមពីមន្ត្រីអាជ្ញាកណ្តាលច្រើនជាងគេបំផុត ពោលគឺចំណាយរហូតដល់ទៅ ៣៦កាតក្រហមឯណោះ។

ការប្រកួតដែលជាប់ជាកំណត់ត្រាប្រវត្តិសាស្ត្រនេះ គឺជាការប្រកួតរវាងក្លិប Claypole តទល់នឹងក្លិប Victoriano Arenas ក្នុងការប្រកួតប្រចាំសប្តាហ៍នៃក្របខណ្ឌលីគលំដាប់ទី៥ អាហ្សង់ទីន នៅក្នុងឆ្នាំ២០១១។

ជំនួបដ៏សែនក្តៅគគុកនេះបានកើតឡើងដើមហេតុតាំងពីវគ្គទី១ ដោយត្រូវចាប់ផ្តើមដោយមន្ត្រីអាជ្ញាកណ្តាលលើទីលានបានបណ្តេញចេញកីឡាករអស់ ២នាក់ (ម្ខាងម្នាក់) ដោយប្រើប្រាស់កាតក្រហមរួចទៅហើយ។ តែឈានដល់វគ្គទី២ ស្ថានភាពកាន់តែយ៉ាបយឺនបន្ថែមទៀត ដោយកីឡាករគ្រប់រូបចាប់ផ្តើមវាយតប់គ្នាពេញទីលាន ហើយក៏មានការចូលរួមបន្ថែមពីសំណាក់ក្រុមការងារក្លិបសងខាង ក្រុមគ្រូបង្វឹក កីឡាករបម្រុង រហូតឈានដល់មានអ្នកគាំទ្រក្លិបមួយចំនួនចូលវាយតប់គ្នាថែមទៀត។

ទម្រាំតែមានការសម្របសម្រួល និងអន្តរាគមន៍ពីមន្ត្រីនគរ​បាល់បានបញ្ចប់ លោកអាជ្ញាកណ្តាលកាត់សេចក្តីលើទីលានឈ្មោះ Damian Rubino បានសម្រេចចិត្តផ្តល់កាតក្រហមជំហានដំបូង ២០កាតជូនដល់កីឡាករនៃក្លិបទាំងសងខាងទាំងអស់ដែលនៅក្នុងទីលានប្រកួត និងក្រោយមានការពិភាក្សាជាមួយក្រុមមន្ត្រីអាជ្ញាកណ្តាល រូបគាត់ក៏បានសម្រេចបន្តចេញកាតក្រហមចំនួន ១៤សន្លឹកទៀតដល់មន្ត្រីក្លិប ក្រុមគ្រូបង្វឹក និងកីឡាករបម្រុងមួយចំនួនទៀតដែលអះអាងថាបានចូលរួមប្រព្រឹត្តអំពើហិង្សាក្នុងទីលានប្រកួត។ ដូច្នេះសរុបមក ក្នុងជំនួបខាងលើបានប្រើប្រាស់កាតក្រហមដល់ទៅ ៣៦សន្លឹក​ និងត្រូវបានកត់ត្រាទុកជាប្រវត្តិសាស្ត្រក្នុងពិភពបាល់ទាត់អាជីព។

ក្រោយបញ្ចប់ការប្រកួតគ្រូបង្វឹកខាងក្លិប Victoriano Arenas លោក Domingo Sganga បាននិយាយថា ក្រុមដៃគូហាក់ដូចជាក្រុមមនុស្សឆ្កួតចង់សម្លាប់កូនក្រុមរបស់លោក ចំណែកឯខាងគ្រូបង្វឹកក្លិប Claypole លោក Sergio Micielli បានបញ្ចេញយោបល់ថា ការផ្តល់កាតយ៉ាងច្រើនសន្ធឹកបែបនេះពីមន្ត្រីអាជ្ញាកណ្តាលហាក់ដូចជាមិនសក្តិសមឡើយ៕

ខាងក្រោមជាវីឌីអូៈ 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628