បាល់ទាត់

ក្លិប ២ ដកខ្លួនចេញពីលីគកំពូលមីយ៉ាន់ម៉ារដូវកាលនេះ ព្រោះវិបត្តិហិរញ្ញវត្ថុដោយសារ COVID-19

ជាផ្លូវការក្លិបចំនួន ២ ក្នុងក្របខណ្ឌលីគកំពូលមីយ៉ាន់ម៉ា រដូវកាល២០២០នេះ បានស្នើសុំដកខ្លួនចេញពីការប្រកួតសកម្មភាពនានា ក្រោមហេតុផលកំពុងជួបវិបត្តិហិរញ្ញវត្ថុក្លិប ដែលទទួលឥទ្ធិពលពីជំងឺរាតត្បាតសកល COVID-19 ។

តាមរយៈការប្រកាសយល់ព្រមពីសហព័ន្ធបាល់ទាត់មីយ៉ាន់ម៉ា (MFF) ក្លិបទាំងពីររួមមាន Zwekapin Myanmar United និងក្លិប Chin United FC បានសម្រេចដកខ្លួនចេញពីការប្រកួតប្រជែងលីគកំពូលមីយ៉ាន់ម៉ា (Myanmar National League) ព្រោះបានជួបប្រទះដោះស្រាយវិបត្តិហិរញ្ញវត្ថុពុំទាន់បានដែលមានដូចជាការជំពាក់បំណុលប្រាក់ឈ្នួលបុគ្គលិក និងកីឡាករ… ជាដើម។

គួរឲ្យដឹងផងថាក្លិប Zwekapin Myanmar United បានបង្កើតឡើងតាំងពីឆ្នាំ២០១០ ខណៈរដូវកាលមុនបានទទួលចំណាត់ថ្នាក់លេខរៀងទី៩ ក្នុងតារាងលីគកំពូល។ ចំណែកឯ Chin United FC បានបង្កើតក្នុងឆ្នាំ២០១២​ តែរដូវកាលមុនមិនបានចូលរួមប្រកួតប្រជែងក្នុងលីគអាជីពឡើយ។

តាមរយៈការដកខ្លួនចេញរបស់ក្លិបទាំងពីរខាងលើ ដូច្នេះក្របខណ្ឌលីគកំពូលមីយ៉ាន់ម៉ារដូវកាល២០២០ នឹងនៅសល់សមាជិកប្រកួតប្រជែងតែចំនួន ១០ក្លិបប៉ុណ្ណោះ ខណៈមុនមកដល់ពេលសម្រាកដោយសារជំងឺ COVID-19 ខាងលើក៏បានប្រកួតដល់សប្តាហ៍ទី៩ និងសប្តាហ៍ទី១០ (ក្លិបមួយចំនួន) មកហើយ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628