បាល់ទាត់

Wolves ចាប់អារម្មណ៍ចង់នាំយកកីឡាករចិន Wu Lei ពី Espanyol

ក្លិបសមាជិកក្របខណ្ឌលីគកំពូលអង់គ្លេស Wolverhampton Wanderers ឬប្រិយមិត្តតែងតែហៅកាត់ Wolves ត្រូវបានសារព័ត៌មានចុះផ្សាយពីចេតនាចង់នាំយកខ្សែប្រយុទ្ធស្លាបសញ្ជាតិចិន Wu Lei ពីក្លិបអេស្ប៉ាញ RCD Espanyol ។ 

កីឡាករសមាជិកខ្សែប្រយុទ្ធនៃក្រុមជម្រើសជាតិចិន Wu Lei ទើបនឹងរកគ្រាប់បាល់ឲ្យក្លិប Espanyol កាលពីប្រកួតទល់នឹងក្លិប Deportivo Alaves ដែលជាជំនួបដំបូងនៃការវិលត្រឡប់មកវិញនៃក្របខណ្ឌលីគកំពូលអេស្ប៉ាញ បន្ទាប់ពីសម្រាកមួយរយៈដោយសារជំងឺ COVID-19 ។

កីឡាករមានវ័យ២៨ឆ្នាំខាងលើ ចាប់តាំងធ្វើដំណើរចាកចេញពីប្រទេសកំណើតមកចូលរួមជាមួយក្លិបលីគកំពូលអេស្ប៉ាញនេះ បាន២រដូវកាល ក៏បានវិវត្តន៍ខ្លួនជាកីឡាករសំខាន់ក្នុងក្រុម ហើយតែងតែជាប់ក្នុងជម្រើសដំបូងជានិច្ច។

ក៏មិនភ្លេចផងដែរថា កាលពីកំឡុងខែមីនា ឆ្នាំ២០២០ នេះកន្លងទៅថ្មីៗ Wu Lei ជាកីឡាករម្នាក់ ក្នុងចំណោម ៦នាក់ក្នុងក្លិប Espanyol ដែលត្រូវបានរកឃើញផ្ទុកជំងឺ COVID-19 ប៉ុន្តែបច្ចុប្បន្នភាពត្រូវបានក្លិបចេញសេចក្តីថ្លែងការណ៍ថាបានព្យាបាលជាសះស្បើយគ្រប់រូប។

យ៉ាងណា! តាមដំណឹងចុងក្រោយ បានរាយការណ៍ថាក្លិបអង់គ្លេស Wolves ដែលមានម្ចាស់ជាជនជាតិចិនស្រាប់លោក Jeff Shi ហាក់មានគោលបំណងចង់នាំយក Wu Lei មកបង្ហាញសមត្ថភាពនៅទឹកដីអង់គ្លេសនារដូវកាលបន្ទាប់២០២០/២០២១។ វាមិនមែនជារឿងប្លែកប៉ុន្មានឡើយ ខណៈកន្លងមកម្ចាស់ក្លិបរូបនេះ បានផ្តល់ឳកាសនាំយកកីឡាករយុវជនថ្នាល់ចិនមួយចំនួនមកពីប្រទេសខ្លួន ហ្វឹកហាត់នៅក្លិបអង់គ្លេសរួមផង។

ចំពោះដំណើរការចរចាររវាងក្លិប Wolves និង Espanyol អាចនឹងចាប់ផ្តើមពីពេលនេះតទៅ ខណៈអ្វីៗ នឹងរង់ចាំការសម្រេចចិត្តរវាងភាគីទាំងសងខាងមុនបញ្ចប់លីគរដូវកាលនេះក្នុងក្របខណ្ឌ La Liga ដែលនៅសល់ប្រមាណ ១០សប្តាហ៍ទៀត៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628