បាល់ទាត់

ក្លិបចំនួន ៣ នៅអង់គ្លេសដាក់ពាក្យដណ្តើមគ្នាត្រៀមទទួល Thiago Silva

បន្ទាប់ពីទទួលដំណឹងពីការចាកចេញរបស់ខ្សែការពារប្រធានក្រុមនៃក្លិប Paris Saint-Germain កីឡាករ Thiago Silva នារដូវកាលបន្ទាប់២០២០/២០២១ បានបណ្តាលឲ្យមានក្លិបចំនួន ៣ នៅក្របខណ្ឌលីគកំពូលអង់គ្លេសរំពឹងថានឹងអាចចុះកិច្ចសន្យានាំយកមករួមក្រុមដោយគ្មានតម្លៃខ្លួនផ្ទេរ។

បញ្ជាក់ផងថា កាលពីប៉ុន្មានសប្តាហ៍មុនមកនេះនាយកប្រតិបត្តិក្លិបអ្នកមានបារាំងខាងលើបានអះអាងច្បាស់លាស់ទៅហើយថា ក្រោយបញ្ចប់រដូវកាល២០១៩/២០២០ នេះ កីឡាករម្ចាស់អាវលេខ២ សញ្ជាតិប្រេស៊ីលរូបនេះ នឹងចាកចេញពីទឹកដី Paris Saint-Germain ដោយគ្មានតម្លៃខ្លួនផ្ទេរ មានន័យថាក្លិបពិចារណាមិនបន្តកិច្ចសន្យាថ្មីឲ្យនោះឡើយ។

តាមការចុះផ្សាយព័ត៌មានចុងក្រោយ បន្ទាប់ពីទទួលដំណឹងបែបនេះ ក្លិបចំនួន ៣ ក្នុងក្របខណ្ឌ Premier League បានបញ្ចូនភ្នាក់ងារទៅចរចារជាមួយភ្នាក់ងារដោះដូរកីឡាកររបស់ Thiago Silva ដើម្បីពិភាក្សាអំពីលក្ខខណ្ឌ និងការបញ្ចុះបញ្ចូលឲ្យមករួមក្រុម។ ក្លិបទាំង ៣ ដែលមានចំណាប់អារម្មណ៍ត្រូវបានទម្លាយឲ្យដឹងរួមមាន Everton, Arsenal និង Tottenham Hotspur ។

យ៉ាងណា! ក្នុងចំណោមក្លិបទាំង ៣ នេះចំពោះក្លិប Tottenham Hotspur ដឹកនាំដោយលោក Jose Mourinho ហាក់ដូចជាកាត់ចិត្តបន្តិចទៅវិញ ព្រោះតែកីឡាករវ័យ ៣៥ឆ្នាំរូបនេះទាមទារប្រាក់ឈ្នួលស្មើនឹងការស្នាក់នៅទឹកដីបារាំង ពោលគឺ ៣៥មុឺនផោនក្នុងមួយសប្តាហ៍។ ចំណែកក្លិប ២ ទៀតកំពុងស្ថិតក្នុងដំណាក់ការចរចារនៅឡើយ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628