បាល់ទាត់

ផ្លូវការៈ លីគកំពូលអូស្ត្រាលី រង់ចាំបើកដំណើរការប្រកួតឡើងវិញយ៉ាងតិចដំណាច់ខែសីហា

សហព័ន្ធកីឡាបាល់ទាត់អូស្ត្រាលី (FFA) បានចេញសេចក្តីសម្រេចចុងក្រោយថ្មីមួយដល់កំណត់កាលវិភាគវិលត្រឡប់មកវិញនៃការប្រកួតក្របខណ្ឌលីគកំពូលអូស្ត្រាលី (A League) បន្តក្នុងរដូវកាល២០១៩/២០២០ នេះយ៉ាងហោចណាស់ត្រូវរង់ចាំដល់ផុតថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០។

សេចក្តីសម្រេចខាងលើនេះ គឺជាការសម្រេចថ្មីចុងក្រោយបន្ទាប់ពីមានការប្រជុំរវាងសហព័ន្ធបាល់ទាត់អូស្ត្រាលី (FFA) ជាមួយតំណាងក្លិបទាំង ១១ ក្នុងក្របខណ្ឌលីគកំពូលអូស្ត្រាលីផ្ទាល់។

រំលឹកឡើងមកវិញលីគកំពូលអូស្ត្រាលីរដូវកាល២០១៩/២០២០ កៀកនឹងបញ្ចប់រដូវកាលទៅហើយ ខណៈក្លិបមួយចំនួននៅសល់តែការប្រកួត ៥សប្តាហ៍ទៀត និងក្លិបមួយចំនួនទៀតនៅសល់ការប្រកួតតែ ៣សប្តាហ៍ទៀតប៉ុណ្ណោះដើម្បីបញ្ចប់ភារកិច្ចរៀងៗ ខ្លួនក្នុងរដូវកាល។

យ៉ាងណាដោយសារតែជំងឺរាតត្បាត COVID-19 បានបណ្តាលឲ្យលីគកំពូលអូស្ត្រាលីបានសម្រាក់ជាបណ្តោះអាសន្នតាំងពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ មកម្ល៉េះ។

តែទោះជាបែបនេះ កាលពីសប្តាហ៍មុនកន្លងទៅទល់បច្ចុប្បន្នសហព័ន្ធបាល់ទាត់អូស្ត្រាលី (FFA) ក៏បានអនុញ្ញាតឲ្យក្លិបនីមួយៗ ប្រមូលផ្តុំកីឡាករហ្វឹកហាត់ឡើងវិញបានផងដែរ ប៉ុន្តែត្រូវរក្សាគោលការណ៍គម្លាតសង្គមឲ្យបានត្រឹមត្រូវតាមក្បួនវេជ្ជសាស្ត្រ។

បច្ចុប្បន្នភាព! ក្នុងប្រទេសអូស្ត្រាលី បានមានអ្នកផ្ទុកជំងឺ COVID-19 សរុបជាង ៧ពាន់នាក់ ក្នុងនោះព្យាបាលសះស្បើយជាង ៦ពាន់នាក់ និងមានករណីបាត់បង់ជីវិតសរុប ១០២នាក់៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628