បាល់ទាត់

គ្រូជម្រើសជាតិចិន ជំរុញឲ្យសមាគមបាល់ទាត់គិតគូនាំយកកីឡាករចូលសញ្ជាតិបន្ថែមទៀត

គ្រូបង្គោលនៃក្រុមជម្រើសជាតិចិន លោក Li Tie បានបញ្ចេញគំនិតដោយសង្ឃឹមមានវត្តមានកីឡាករចូលសញ្ជាតិបន្ថែមទៀត ដើម្បីជួយដល់លោក ក៏ដូចជាប្រទេសចិនទាំងមូលក្នុងការចាប់យកក្តីសង្ឃឹមឆ្ពោះទៅកាន់ព្រឹត្តិការណ៍ FIFA World Cup ជាលើកទី២ ក្នុងប្រវត្តិសាស្ត្រពួកគេ។

បច្ចុប្បន្នភាពយើងសង្កេតឃើញថាមានកីឡាករចូលសញ្ជាតិចិនមិនក្រោម ១០នាក់នោះទេ ប៉ុន្តែក្នុងការដឹកនាំប្រកួតរវាងជម្រើសជាតិចិន តទល់នឹងក្លិបលីគកំពូលចិន កាលពីចុងខែមុនកន្លងទៅគ្រូបង្គោលជម្រើសជាតិខាងលើ បានធ្វើការកោះហៅកីឡាករចូលសញ្ជាតិ ៣រូបរួមមាន Elkeson (សញ្ជាតិដើមប្រេស៊ីល) , Luo Guofu (សញ្ជាតិដើមប្រេស៊ីល) និង Li Ke (សញ្ជាតិដើមអង់គ្លេស) ។

ដ្បិតមានជម្រើសច្រើនក្នុងការជ្រើសរើសកោះហៅចូលលេងឲ្យក្រុមជម្រើសជាតិចិន តែសម្រាប់លោក Li Tie ហាក់ដូចជាពេញចិត្តកីឡាករចូលសញ្ជាតិតិចនៅឡើយ តែរូបលោកផ្ទាល់បែរជាមានគំនិតជំរុញឲ្យសមាគមបាល់ទាត់ចិន (CFA) បន្តជ្រោមជ្រែងកីឡាករចូលសញ្ជាតិបន្ថែមទៀត។

ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយ China Daily គ្រូបង្វឹកវ័យ ៤៣ឆ្នាំខាងលើបានឲ្យដឹងដូចតទៅៈ

៉កីឡាករចូលសញ្ជាតិបានធ្វើឲ្យក្រុមជម្រើសជាតិចិនកាន់តែមានគុណភាព។ សម្រាប់ខ្ញុំផ្ទាល់! ខ្ញុំសង្ឃឹមថានឹងមានកីឡាករចូលសញ្ជាតិបន្ថែមទៀត ក្នុងការចូលរួមជាមួយក្រុមជម្រើសជាតិ។ អ្វីសំខាន់បំផុត ខ្ញុំសង្ឃឹមថានឹងទទួលបានកីឡាករចូលសញ្ជាតិដែលមានឆន្ទៈក្នុងការលេងឲ្យក្រុមជម្រើសជាតិចិនពិតប្រាកដ និងបង្ហាញសមត្ថភាពបានល្អនៅលើទីលាន។ ទ្វារនៃក្រុមជម្រើសជាតិ នឹងរង់ចាំពួកគេជានិច្ច ជាពិសេសចំពោះកីឡាករចូលសញ្ជាតិ។  ៉ 

បច្ចុប្បន្នភាពប្រិយមិត្តអាចសម្គាល់កីឡាករចូលសញ្ជាតិដែលមានលទ្ធភាពក្នុងការលេងឲ្យក្រុមជម្រើសជាតិចិនដល់ទៅ ១១រូប (ចូលអានទីនេះបន្ថែម)  ។ ខណៈមកទល់ពេលនេះក៏មានព័ត៌មានចចាមអារ៉ាម អំពីកីឡាករសញ្ជាតិប្រេស៊ីល ២រូបទៀតកំពុងស្ថិតក្នុងដំណាក់កាលបំពេញឯកសារផ្តល់សញ្ជាតិថ្មីផងដែរជាមួយសមាគមបាល់ទាត់ចិន (CFA) ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628