បាល់ទាត់

កីឡាករតៃវ៉ាន់ដំបូងគេក្នុងប្រវត្តិសាស្ត្រ ចុះកិច្ចសន្យាលេងនៅលីគកំពូលហូឡង់

ជាផ្លូវការក្លិបសមាជិកលីគកំពូលហូឡង់ ADO Den Haag បានចុះកិច្ចសន្យារនាំយកខ្សែបម្រើវ័យក្មេង Emilio Estevez Tsai ដែលជាកីឡាករសញ្ជាតិតៃវ៉ាន់ដំបូងគេជាប្រវត្តិសាស្ត្របានលេងនៅក្របខណ្ឌលីគកំពូលប្រទេសតំបន់អឺរ៉ុបមួយនេះ។ 

Emilio Estevez Tsai ជាកីឡាករមានវ័យទើប ២១ឆ្នាំប៉ុណ្ណោះ និងជាការពិតទៅ កីឡាករនេះគឺជាកូនកាត់កាណាដា-តៃវ៉ាន់ ហើយបានធំធាត់នៅប្រទេសកាណាដានោះទេ ប៉ុន្តែរូបគេបានសម្រេចចិត្តជ្រើសរើសលេងឲ្យក្រុមជម្រើសជាតិកោះតៃវ៉ាន់ កាលពីឆ្នាំ២០១៩ កន្លងមក។

កីឡាករកម្ពស់ ១.៧១មែ៉ត្រខាងលើ មានឪពុកជាមន្ត្រីទូតជនជាតិអេស្ប៉ាញ និងម្តាយជាជនជាតិតៃវ៉ាន់ ប៉ុន្តែបានស្នាក់នៅប្រទេសកាណាដា។ ដោយមានចំណូលចិត្តនឹងវិស័យកីឡាបាល់ទាត់តាំងពីកុមារភាព Emilio Estevez Tsai ត្រូវបានម្តាយឪពុក បញ្ចូនឲ្យចូលហ្វឹកហាត់នៅក្លិបបាល់ទាត់អាជីពក្នុងប្រទេសកាណាដាជាច្រើន មុនឈានដល់ការជ្រើសរើសចូលឈុតធំជាលើកដំបូងក្នុងឆ្នាំ២០១៨ នៅក្លិបលំដាប់ក្រោមមួយក្នុងលីគកាណាដា។

ឈានចូលមកដល់ឆ្នាំ២០១៩ កន្លងទៅកីឡាករលេងក្នុងតំណែងខ្សែបម្រើរូបនេះ មានសំណាងត្រូវបានក្លិប York9 FC សមាជិកលីគកំពូលកាណាដា ចុះកិច្ចសន្យានាំយកជាផ្លូវការ និងបានបង្ហាញខ្លួន១រដូវកាលកន្លះ ទើបសម្រេចចិត្តផ្ទេរបន្តមកកាន់ក្លិប ADO Den Haag សមាជិកនៃលីគកំពូលហូឡង់។

តាមរយៈការផ្ទេរនេះ បាននាំឲ្យរូបគេក្លាយជាកីឡាករសញ្ជាតិតៃវ៉ាន់ ដំបូងគេបំផុតបង្ហាញខ្លួននៅក្នុងលីគកំពូលហូឡង់ ខណៈនឹងបង្ហាញសមត្ថភាពចាប់ពីរដូវកាលថ្មី២០២០/២០២១ តទៅខាងមុខ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628