បាល់ទាត់

សារព័ត៌មានឥណ្ឌូនេស៊ី ទម្លាយប្រវត្តិកីឡាករនៅលីគកំពូលហូឡង់៤រូបរដូវកាលនេះ ជាប់សាច់ឈាមពួកគេ

សារព័ត៌មានឥណ្ឌូនេស៊ីមួយ បានបញ្ចេញប្រវត្តិកីឡាករដែលបង្ហាញខ្លួននៅលីគកំពូលហូឡង់ចំនួន ៤រូបក្នុងរដូវកាល២០១៩-២០២០ នេះ ដែលមានសាច់ឈាមជាជនជាតិឥណ្ឌូនេស៊ី ដ្បិតពួកគេមិនដែលបានមកចូលរួមលេងឲ្យក្រុមជម្រើសជាតិឥណ្ឌូនេស៊ីក៏ដោយក្តី។

ជាការពិត! ដូចប្រិយមិត្តបានដឹងមកហើយ ប្រទេសឥណ្ឌូនេស៊ីធ្លាប់មានប្រវត្តិសាស្ត្រស្ថិតនៅក្រោមអាណានិគមប្រទេសហូឡង់ក្នុងអតីតកាល ដូច្នេះហើយលំហូរនៃកីឡាករហូឡង់បច្ចុប្បន្នមួយចំនួនមានសាច់ឈាមចេញពីប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។

ខាងក្រោមនេះ អាស្រ័យទៅតាមសារព័ត៌មាន Indosport បានបង្ហាញកីឡាករដែលមានសាច់ឈាមជាកូនកាត់ហូឡង់-ឥណ្ឌូនេស៊ី ចំនួន៤រូប ដែលជាសមាជិកនៃក្លិបផ្សេងៗ ពីគ្នាក្នុងក្របខណ្ឌលីគកំពូលហូឡង់រដូវកាល២០១៩/២០២០ ដែលត្រូវគេចាត់ទុកជាលីគមានការប្រកួតប្រជែងគួរឲ្យចាប់អារម្មណ៍នៅក្នុងតំបន់អឺរ៉ុបផងដែរនោះរួមមានៈ

១. Benjamin van Leer 

កីឡាករខាងលើលេងក្នុងតំណែងអ្នកចាំទី និងមានកម្ពស់ដល់ ១.៨៨ម៉ែត្រ។ បច្ចុប្បន្នភាពមានវ័យ២៨ឆ្នាំ និងជាកីឡាកររបស់ក្លិបល្បីឈ្មោះនៅហូឡង់ AFC Ajax ប៉ុន្តែក្នុងរដូវកាល២០១៩/២០២០ នេះត្រូវបានដាក់ឲ្យខ្ចីជើងទៅកាន់ក្លិប NAC Breda ប៉ុន្តែនៅទីនោះជាប់ជាអ្នកចាំទីដៃទី១ ប្រចាំក្លិបតែម្តង។ Benjamin van Leer មានសាច់ញ្ញាតិជាជនជាតិឥណ្ឌូនេស៊ី ប៉ុន្តែដូនតារបស់គាត់បានផ្លាស់មករស់នៅប្រទេសហូឡង់តាំងពីទសវត្សរិ៍ឆ្នាំ១៩៥០ ឯណោះ។

 

២. Thom Haye

Thom Haye ជាកីឡាករលេងក្នុងតំណែងខ្សែបម្រើ ដោយក្នុងរដូវកាលនេះលេងឲ្យក្លិប ADO Den Haag សមាជិកលីគកំពូលហូឡង់។ រូបគេសព្វថ្ងៃមានវ័យ ២៥ឆ្នាំ និងធ្លាប់មានប្រវត្តិលេងឲ្យក្រុមជម្រើសហូឡង់ឈុតតូចពី U15 ដល់ឈុត U21 ផងដែរ។ រូបគេបានចាប់កំណើតនៅក្នុងទីក្រុង Amsterdam រដ្ឋធានីហូឡង់តែម្តង តែមានជីតាជាជនជាតិឥណ្ឌូនេស៊ីសុទ្ធសាធ ដែលធ្លាប់រស់នៅខេត្ត North Sulawesi ប្រទេសឥណ្ឌូនេស៊ី។

 

៣. Keziah Veendorp

Keziah Veendorp ទើបតែមានវ័យ ២៣ឆ្នាំ និងបានចាប់កំណើតនៅប្រទេសឥណ្ឌូនេស៊ីផ្ទាល់តែម្តង ប៉ុន្តែបានផ្លាស់ទៅស្នាក់នៅប្រទេសហូឡង់តាំងពីកុមារភាព ហើយក៏ទទួលបានឳកាសបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិហូឡង់ឈុតតូច ក្នុងព្រឹត្តិការណ៍ UEFA Youth Championship U17 កាលពីឆ្នាំ២០១៤ ។ ដោយមានការបណ្តុះបណ្តាលនៅប្រទេសហូឡង់តែម្តង រហូតមកដល់ឆ្នាំ២០១៧ បានចុះកិច្ចសន្យាលេងឲ្យក្លិប FC Emmen នៅក្របខណ្ឌ Eredivisie ទល់សព្វថ្ងៃ។ កីឡាករកើតឆ្នាំ១៩៩៧ ខាងលើលេងក្នុងតំណែងខ្សែការពារកណ្តាល។

 

៤. Mark van der Maarel

ចុងក្រោយគឺកីឡាករ Mark van der Maarel ជាខ្សែការពារស្លាបស្តាំ និងសព្វថ្ងៃមានវ័យ ៣០ឆ្នាំ។ ដ្បិតរូបគេកើតនៅប្រទេសហូឡង់ពីកំណើតមកម្ល៉េះ ប៉ុន្តែមានម្តាយជាជនជាតិឥណ្ឌូនេស៊ី។ ចាប់តាំងពីនៅជាយុវជនថ្នាល់ រហូតដល់លេងឈុតធំទល់ពេលនេះកីឡាករខាងលើលេងឲ្យតែក្លិប FC Utrecht ១ប៉ុណ្ណោះ ដោយគិតចាប់តាំងពីតម្លើងចូលឈុតធំពីរដូវកាល២០០៩/២០១០ ទល់ពេលនេះបង្ហាញខ្លួនសរុប ២២៧លើក៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628