បាល់ទាត់

ជប៉ុនបង្កើតកម្មវិធីទូរសព្ទ សម្រាប់អ្នកទស្សនាពីគេហដ្ឋានឲ្យមានអារម្មណ៍ដូចគាំទ្រនៅក្នុងកីឡដ្ឋាន

ស្របពេលក្នុងកាលៈទេសៈនៃរដូវកាល COVID-19 ការប្រកួតបាល់ទាត់ក្នុងប្រទេសជប៉ុន ក៏ដូចជាការប្រកួតជុំវិញពិភពលោក បានបង្ខំចិត្តក្នុងការលេងដោយលក្ខណៈបិទទ្វារកីឡដ្ឋាន ពោលគឺមិនអនុញ្ញាតឲ្យអ្នកគាំទ្រចូលទស្សនាផ្ទាល់ឡើយ។ ដើម្បីកុំឲ្យអ្នកគាំទ្រមានអារម្មណ៍ឃ្លាតឆ្ងាយពីក្លិបដែលខ្លួនស្រលាញ់ នៅប្រទេសជប៉ុន បានបង្កើតកម្មវិធីទូរសព្ទមួយដែលអាចបង្កើតអារម្មណ៍ស្និទ្ធស្នាលដល់អ្នកគាំទ្រដូចនៅក្នុងកីឡដ្ឋានផ្ទាល់ បើទោះបីជាមើលពីគេហដ្ឋរៀងៗ ខ្លួនក៏ដោយ។

កម្មវិធី Remote Cheerer បានបង្កើតឡើងដោយក្រុមអ្នកជំនាញបច្ចេកវិទ្យា និងបានត្រៀមខ្លួនបម្រើដល់អ្នកគាំទ្រប្រចាំកីឡដ្ឋាន Shuzuoka Stadium ដែលបច្ចុប្បន្នមានក្លិបចំនួន២រួមគ្នាជាសហម្ចាស់ផ្ទះរួមមាន Jubilo Iwata (សមាជិកលីគលំដាប់ទី២ ជប៉ុន) និងក្លិប Shimizu S-Pulse (សមាជិកលីគកំពូលជប៉ុន) ។

រៀងរាល់ពេលប្រកួតក្នុងកីឡដ្ឋានខាងលើ អ្នកគាំទ្រទាំងសងខាងនឹងទស្សនាតាមកញ្ចក់ទូរទស្សន៍ ឬតាមបណ្តាញសង្គមនានា ហើយអាចធ្វើការទាញយកម្មវិធីនេះ ដោយប្រើប្រាស់តាមរយៈការចុះឈ្មោះ Online បន្ទាប់មកអាចជ្រើសរើសទីតាំងអង្គុយដែលបានកំណត់មកជុំវិញកីឡដ្ឋានតែម្តង។ ដូច្នេះមានន័យថា ប្រិយមិត្តអាចជ្រើសរើសទីតាំងអង្គុយគាំទ្រក្នុងកម្មវិធីនេះជាលក្ខណៈជួបជុំមិត្តភក្តិតាមចិត្តរៀងៗ ខ្លួន។

ការជ្រើសរើសទីតាំងខុសគ្នា មានន័យថានៅពេលអ្នកគាំទ្រចុចលើប៉ូតុងសម្លេង ឬប៉ូតុងគាំទ្រ នោះសម្លេងនឹងលឺឡើងក្នុងកីឡដ្ឋានតាមទីតាំងដែលបានជ្រើសរើសនោះ។ កីឡដ្ឋានខាងលើអាចផ្ទុកអ្នកទស្សនាសរុប ៥០ ០០០នាក់ ប៉ុន្តែនៅក្នុងកម្មវិធីបានបំពាក់ឧបករណ៍សម្លេងចំនួន ៥៨ទីតាំងជុំវិញកីឡដ្ឋានសម្រាប់អ្នកគាំទ្រតាមកម្មវិធីជ្រើសរើស។

ក្រឡេកក្នុងកម្មវិធីផ្ទាល់ អ្នកគាំទ្រមានច្រើនជម្រើសក្នុងការចុចបន្ទោរសម្លេងដូចជា សម្លេងទះដៃ សម្លេងស្រែកហ៊ោរ សម្លេងទាត់បញ្ចូលទី (Goal!) សម្លេងឌឺដង (Boo!) សម្លេងគាំទ្រ (Cheer!) សម្លេងឈ្មោះកីឡាករ… ព្រមទាំងជម្រើសជាច្រើនដទៃទៀត។ បន្ថែមពីនេះ អ្នកគាំទ្រអាចជ្រើសរើសភាសាក្នុងការបញ្ចេញសម្លេង ២ផ្សេងគ្នាថែមទៀតពោលគឺ ភាសាជប៉ុនផ្ទាល់ និងភាសាអង់គ្លេសផងដែរ។

លីគលំដាប់ទី២ និងលំដាប់ទី៣ ជប៉ុន នឹងវិលត្រឡប់មកវិញនៅសប្តាហ៍ចុងក្រោយ ចុងខែមិថុនា ឆ្នាំ២០២០ ខាងមុខនេះ ចំណែកលីគកំពូលជប៉ុន ក៏វិលត្រឡប់មកវិញផងដែរនៅដើមខែកក្កដា ឆ្នាំ២០២០៕

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628