បាល់ទាត់

កីឡាករល្បីៗ ទាំង៥រូបនេះ មានបងប្អូនបង្កើតលេងឲ្យក្រុមជម្រើសជាតិខុសគ្នា

ក្នុងពិភពបាល់ទាត់សម័យទំនើបនេះ កីឡាករភាគច្រើនត្រូវបានផ្តល់ឳកាសឲ្យជ្រើសរើសការលេងក្នុងក្រុមជម្រើសជាតិផ្សេង១ទៀត ក្រៅពីសញ្ជាតិដើមរបស់ខ្លួនទៅតាមលក្ខខណ្ឌផ្លូវច្បាប់ផ្សេងៗ ពីគ្នាដោយមានការយល់ស្របពីសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) និងតំណាងសហព័ន្ធ ឬសមាគមបាល់ទាត់នៃប្រទេសទី២ នោះ។ អាស្រ័យមូលហេតុនេះហើយ ទើបប្រិយមិត្តកន្លងមកបានឃើញកីឡាករល្បីៗ មួយចំនួននាតំបន់អឺរ៉ុប មានបងប្អូនបង្កើតរបស់ពួកគេលេងឲ្យក្រុមជម្រើសជាតិខុសៗ ពីគ្នា។

ក្នុងពេលនេះក្រុមការងារ VEHA Media នឹងណែនាំកីឡាករបងប្អូនបង្កើតចំនួន ៥គូ ដែលលេងឲ្យក្រុមជម្រើសជាតិខុសគ្នាៈ

 

១. Kevin prince boateng និង Jerome boateng

បងប្អូនត្រកូល Boateng ខាងលើ ដ្បិតបានកើតនៅនៅក្នុងប្រទេសអាល្លឺម៉ង់ទាំងពីរនាក់ ហើយក៏ធ្លាប់មានប្រវត្តិលេងឲ្យក្រុមជម្រើសជាតិអាល្លឺម៉ង់ឈុតតូច ជាមួយគ្នាក្តី ប៉ុន្តែបច្ចុប្បន្នភាពបងប្រុសមានវ័យ៣៣ឆ្នាំ Kevin-Prince Boateng បានផ្លាស់ទៅលេងឲ្យក្រុមជម្រើសជាតិហ្គាណា ខណៈប្អូនដែលមានវ័យ៣១ឆ្នាំ បន្តលេងឲ្យក្រុមជម្រើសជាតិឥន្ត្រីដែកអាល្លឺម៉ង់ដដែល។ សព្វថ្ងៃបងប្រុសកំពុងលេងឲ្យក្លិប Besiktas នៅលីគកំពូលទួរគី ចំណែកឯប្អូនកំពុងស្នាក់នៅក្លិបយក្សអាល្លឺម៉ង់ FC Bayern Munich ដែលគិតមកទល់ពេលនេះ ជារដូវកាលទី៩ របស់គេទៅហើយ។

 

២. Luis Suarez និង Paolo Suarez

ប្រិយមិត្តប្រាកដជាស្គាល់ច្បាស់ខ្សែប្រយុទ្ធជួរមុខរបស់ក្លិបយក្សអេស្ប៉ាញ FC Barcelona ពោលគឺ Luis Suarez និងជាកីឡាករខ្វះពុំបាននៃក្រុមជម្រើសជាតិអ៊ុយរ៉ាហ្គាយ។ តែប្រិយមិត្តភាគច្រើនប្រហែលជាមិនដឹងទេថា រូបគេក៏មានបងប្រុសបង្កើតម្នាក់ជាអតីតកីឡាករផងដែរ ដែលទើបតែប្រកាសព្យួរស្បែកជើងចូលនិវត្តន៍ក្នុងឆ្នាំ២០១៩ កន្លងទៅ ដោយសព្វថ្ងៃមានអាយុ ៤០ឆ្នាំ។ បងប្រុសរូបនេះមានឈ្មោះ Paolo Suarez តែរូបគាត់ធ្លាប់បានសម្រេចចិត្តជ្រើសរើសលេងឲ្យក្រុមជម្រើសជាតិអ៊ែលសាវ៉ាឌ័រ (El Salvador National Team) ដែលជាកូនប្រទេសស្ថិតនៅតំបន់អាមេរិកកណ្តាលទៅវិញ។

 

៣. Thiago Alcantara និង Rafinha Alcantara

បងប្អូនត្រកូល Alcantara ទាំងពីរនាក់ខាងលើ គឺកើតចេញពីថ្នាល់យុវជនរបស់ក្លិបយក្សអេស្ប៉ាញ FC Barcelona ព្រមគ្នា ខណៈបងប្រុស Thaigo Alcantara បច្ចុប្បន្នបានផ្ទេរមកចូលរួមលេងនៅ FC Bayern Munich តាំងពីឆ្នាំ២០១៣ មកម្ល៉េះ ចំណែកឯប្អូន Rafinha Alcantara ដ្បិតនៅជាកីឡាកររបស់ក្លិបម្ចាស់កីឡដ្ឋាន Camp Nou ដដែលតែរសាត់អណ្តែតក្នុងនាមជាកីឡាករខ្ចីជើងទៅកាន់ក្លិប Celta នៃក្របខណ្ឌ La Liga ដដែលក្នុងរដូវកាលនេះ។ យ៉ាងណា! បងប្រុសដែលមានវ័យ ២៩ឆ្នាំ គឺតែងតែជាប់ឈ្មោះក្នុងបញ្ជីក្រុមជម្រើសជាតិអេស្ប៉ាញពីឆ្នាំ២០១១ ជាប់ដល់ឆ្នាំ២០១៩ តែចំពោះប្អូនប្រុសដែឡមានវ័យ ២៧ឆ្នាំខាងលើ បានសម្រេចចិត្តប្តូរទៅលេងឲ្យក្រុមជម្រើសជាតិប្រេស៊ីល ដោយដើរតាមគន្លងឪពុកបង្កើតរបស់ពួកគេលោក Mazinho ធ្លាប់ជាអតីតកីឡាករជម្រើសជាតិប្រេស៊ីលពីឆ្នាំ១៩៨៩ ដល់ឆ្នាំ១៩៩៤ ។

 

៤. Tim Cahill និង Chris Cahill

កីឡាករបងប្អូនបង្កើតទាំងពីរនាក់ខាងលើសព្វថ្ងៃបានចូលនិវត្តន៍ពីអាជីពលើវាលស្មៅនេះព្រមគ្នាទៅហើយ ប៉ុន្តែក្រុមការងារយើងនៅតែចង់រំលឹកមកវិញ ជាពិសេសប្រិយចំពោះបងប្រុស Tim Cahill ដែលប្រិយមិត្តភាគច្រើនបានស្គាល់មកហើយ និងត្រូវគេចាត់ទុកជាកីឡាករឆ្នើមមួយរបស់ក្លិបលីគកំពូលអង់គ្លេស Everton ក្រោយចំណាយពេលនៅទីនោះ ៨រដូវកាល។ បងប្អូនទាំងពីរនាក់នេះ បានកើតនៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ដោយបងប្រុសបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិអូស្ត្រាលីជាប់គ្នាតាំងពីឆ្នាំ២០០៤ រហូតមកដល់ពេលចូលនិវត្តន៍ឆ្នាំ២០១៨។ ផ្ទុយទៅវិញប្អូនប្រុស Chris Cahill ដែលមានអាយុក្រោមបងបង្កើតខ្លួន ៥ឆ្នាំខាងលើ បានចាប់យកការលេងឲ្យក្រុមជម្រើសជាតិកោះសាម័រ ដែលជាកូនប្រទេសស្ថិតនៅកណ្តាលមហាសមុទ្រប៉ាស៊ីហ្វិក។

 

៥. Paul Pogba, Mathias Pogba និង Florentin Pogba 

ខ្សែបម្រើឆ្នើមប្រចាំក្លិបបិសាចក្រហម Manchester United នោះគឺ Paul Pogba កន្លងទៅថ្មីៗ ទើបតែជួយក្រុមជម្រើសជាតិបារាំង គ្រងតំណែងជើងឯក FIFA World Cup ឆ្នាំ២០១៨ នៅឯប្រទេសរុស្សី។ ដោយកីឡាករវ័យ ២៧ឆ្នាំរូបនេះបានជាប់ជម្រើសជាតិមាន់គោកបារាំងតាំងពីឈុតតូច U16 ពីក្នងឆ្នាំ២០០៨ រហូតដល់ឈុតធំក្នុងពេលនេះ។ តែបងប្រុសទាំងពីរនាក់របស់គេរួមមាន Mathias Pogba និង Florentin Pogba ដែលម្នាក់ជាខ្សែប្រយុទ្ធ និងម្នាក់ជាខ្សែការពារ បានត្រឹមបង្អួតសមត្ថភាពជាមួយក្រុមជម្រើសហ្គីណេ ដែលជាទីកន្លែងកំណើតរបស់ពួកគេផ្ទាល់តែម្តង៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628