បាល់ទាត់

ក្រោយចាញ់ Man City ៣-០ លោក Mikel Arteta និង David Luiz បាននិយាយអ្វីខ្លះ?

ប្រកួតថ្ងៃដំបូងក្រោយសម្រាកមួយរយៈពេលដោយសារជំងឺរាតត្បាត COVID-19 ក្នុងក្របខណ្ឌលីគកំពូលអង់គ្លេស កាលពីយប់មិញនេះ ក្លិបម្ចាស់ផ្ទះ Manchester City បានយកឈ្នះលើក្លិប Arsenal ក្នុងលទ្ធផល ៣ទល់០ ស្របពេលដែលខាងភ្ញៀវមានគ្នាសល់តែ ១០នាក់ ក្រោយពីខ្សែការពារ David Luiz ទទួលបានកាតក្រហម។

ខ្សែការពារប្រេស៊ីល David Luiz ដែលប្តូរចូលលេងនៅនាទី២៤ និងបង្ហាញខ្លួនសរុបត្រឹម ២៦នាទី បានធ្វើឲ្យរបូតគ្រាប់បាល់ដល់ទៅ ២គ្រាប់ភ្លាមៗ ដោយគ្រាប់ទី១ ភ្លាត់ចេញពីខ្លួនរបស់គាត់ និងគ្រាប់ទី២ ផ្តួលគូប្រកួតក្នុងប្រអប់គ្រោះថ្នាក់បង្កើតជាបាល់ពិន័យ ១១ម៉ែត្រ ហើយរូបគាត់ផ្ទាល់ទទួលបានកាតក្រហមត្រូវបណ្តេញចេញពីទីលាននៅនាទី៤៩ ។

ក្រោយបញ្ចប់ការប្រកួតកីឡាករទើបផ្ទេរចេញពីក្លិប Chelsea ទៅចូលរួម Arsenal ក្នុងរដូវកាលនេះខាងលើ បាននិយាយថាៈ

៉ លទ្ធផលថ្ងៃនេះ គឺជាកំហុសរបស់ខ្ញុំ វាមិនមែនជាកំហុសក្រុមទាំងមូលឡើយ។ ក្រុមទាំងមូលគឺធ្វើបានល្អ ជាពិសេសកីឡាករទាំង១០នាក់លើទីលាន។   ៉ 

ចំណែកឯលោក Mikel Arteta អ្នកចាត់ការទូទៅក្លិប Arsenal ក៏បានឆ្លើយតបក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកកាសែតក្រោយបញ្ចប់ការប្រកួតផងថាៈ

៉ ខ្ញុំមានមូលហេតុមួយចំនួនដែលខ្ញុំមិនជ្រើសរើសគាត់ (David Luiz) ក្នុងកីឡាករជម្រើសដំបូង ប៉ុន្តែគាត់ត្រូវតែចូលលេងក្នុងពេលដែលសមាជិកម្នាក់ទៀតរបួសបែបនេះ។ ការពិតទៅ! គាត់តែងតែព្យាយាមក្នុងការលេងដើម្បីក្រុមទាំងមូល។  ៉ 

ការប្រកួតដែលរៀបចំក្នុងកីឡដ្ឋាន Etihad Stadium ដោយគ្មានអ្នកគាំទ្រចូលទស្សនា បានបញ្ចប់លទ្ធផល ៣ទល់០ ដោយខាងម្ចាស់ផ្ទះរកគ្រាប់បាល់ដោយ Raheem Sterling, Kevin De Bruyne (បាល់ពិន័យ ១១ម៉ែត្រ) និង Phil Foden ។ ខណៈខាងក្រុមភ្ញៀវបានបាត់បង់សមាជិកមួយរូបតាំងពីដើមតង់វគ្គទី២ ។

គួរឲ្យដឹងផងថាសម្រាប់ David Luiz នឹងនៅសល់សពុលភាពកិច្ចសន្យារជាមួយក្លិបកាំភ្លើងធំ Arsenal តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ពោលគឺត្រូវផុតត្រឹមថ្ងៃទី៣០ ខែមិថុនា ចុងខែនេះហើយ៕

 

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628