បាល់ទាត់

បង់ក្លាដែស បន្តកិច្ចសន្យាគ្រូបង្គោលជម្រើសជាតិដល់ពាក់កណ្តាលឆ្នាំ២០២២

សហព័ន្ធកីឡាបាល់ទាត់បង់ក្លាដែស (BFF) ជាផ្លូវការបានសម្រេចឈានដល់ការបន្តកិច្ចសន្យាថ្មីបន្ថែមរយៈពេល ២ឆ្នាំទៀតដល់គ្រូបង្គោលជម្រើសជាតិឈុតធំ និងឈុត U23 ពួកគេពោលគឺលោក Jamie Day 

លោក Jamie Day អតីតកីឡាករកើតចេញពីថ្នាល់យុវជនក្លិបកាំភ្លើងធំ Arsenal និងបច្ចុប្បន្នភាពមានវ័យ ៤០ឆ្នាំ បានឈានជើងមកដឹកនាំក្រុមជម្រើសជាតិបង់ក្លាដែស តាំងពីមីនា ឆ្នាំ២០១៨ ទល់សព្វថ្ងៃ។ ចន្លោះពីនោះ ក៏ធ្លាប់ត្រូវបានតែងតាំងជាគ្រូបង្គោលជម្រើសជាតិឈុត U23 ផងដែរ ក្នុងដំណើរដឹកនាំប្រកួតជម្រុះព្រឹត្តិការណ៍ AFC U23 Championship ។

យ៉ាងណាមកទល់ពេលនេះ សហព័ន្ធបាល់ទាត់បង់ក្លាដែស (BFF) បានផ្តល់សេចក្តីទុកចិត្តដោយយល់ព្រមទម្លាក់កិច្ចសន្យាបន្ថែម ២ឆ្នាំទៀតដល់បុរសជនជាតិអង់គ្លេសខាងលើ មានន័យថារូបគាត់ត្រូវដឹកនាំបង់ក្លាដែស រហូតដល់ដំណាច់ខែសីហា ឆ្នាំ២០២២ ។

ស្ថិតិក្នុងការដឹកនាំប្រកួតផ្លូវការសរុបនៃក្រុមជម្រើសជាតិបង់ក្លាដែស ក្រោមស្នាដៃលោក Jamie Day ទទួលលទ្ធផលឈ្នះ ៨លើក ស្មើរ ២លើក និងចាញ់ ៩លើក។

គួររំលឹកផងថា កាលពីដើមឆ្នាំ២០១៩ កន្លងទៅថ្មីៗ គ្រូបង្វឹករូបនេះក៏មានវត្តមាននៅក្នុ​ងប្រទេសកម្ពុជាយើង ដោយបានដឹកនាំបង់ក្លាដែស យកឈ្នះលើគោព្រៃកម្ពុជា ក្នុងជំនួបមិត្តភាពអន្តរជាតិក្នុងលទ្ធផល ១ទល់០ នាពហុកីឡដ្ឋានជាតិអូឡាំពិក៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628