បាល់ទាត់

Lampard សារភាពថាជាប់ស្នេហ៍លើ Werner តាំងពីមិនទាន់មកដឹកនាំ Chelsea

អ្នកចាត់ការទូទៅក្លិបតោខៀវ Chelsea បានលើកឡើងក្នុងសន្និសីទកាសែតសារភាពថារូបលោកធ្លាប់លួចតាមដាន និងពេញចិត្តទម្រង់លេងរបស់កីឡាករ Timo Werner តាំងពីមិនទាន់បានមកដឹកនាំនៅក្នុងកីឡដ្ឋាន Stamford Bridge ម្ល៉េះ។ ខណៈពេលនេះក្តីស្រមៃរបស់អ្នកទាំងពីរបានជួបគ្នាក្នុងនាមជាគ្រូ និងសិស្សចាប់ពីរដូវកាលក្រោយតទៅ។

ថ្លែងក្នុងសន្និសីទមុនការប្រកួតដំបូងក្រោយពីសម្រាកមួយរយៈពេលដោយសារជំងឺរាតត្បាត COVID-19 អ្នកចាត់ការទូទៅ និងជាវីៈបុរសរកគ្រាប់បាល់ច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រក្លិប Chelsea ខាងលើបានលើកឡើងពាក់ព័ន្ធនឹងកីឡាករ Timo Werner ឲ្យដឹងថាៈ

៉ ប្រាកដណាស់! រូបគេ (Werner) គឺជាកីឡាករដែលពួកយើងត្រូវការ។ ខ្ញុំធ្លាប់តាមដានសមត្ថភាពរបស់កីឡាកររូបនេះជាយូរមកហើយ តាំងពីខ្ញុំមិនទាន់ទទួលបានការងារនៅទីនេះ (Chelsea) ។ Timo Werner គឺជាកីឡាករដ៏មានទេសពកោសល្យម្នាក់។ រូបគេបានបង្កើតការលេងដ៏ល្អបំផុតមួយក្នុងរដូវកាលនេះ ហើយពីរដូវកាលមុនៗ ក៏ដូចគ្នាផងដែរ។ រូបគេ គឺជាកីឡាករ ដែលពួកយើងត្រូវការយកមកបំពេញក្រុម។ នៅពេលខ្ញុំបាននិយាយទូរសព្ទជាមួយគេ ទាំងទេពកោសល្យ និងសីលធម៌ក្នុងនាមជាកីឡាកររូបនេះ ពិតជាធ្វើឲ្យខ្ញុំមានអារម្មណ៍ត្រូវការរូបគេ។  ៉ 

គួរបញ្ជាក់ថាកីឡាករជម្រើសជាតិអាល្លឺម៉ង់ខាងលើ បានយល់ព្រមសំណើផ្ទេរមកកាន់ Chelsea ពីក្លិប RB Leipzig ជាមួយតម្លៃខ្លួនផ្ទេរ ៤៧.៥លានផោន និងចុះកិច្ចសន្យាថ្មីរយៈពេល ៥ឆ្នាំ។ បច្ចុប្បន្នភាព Timor Werner បន្តស្នាក់នៅជួយក្លិបបញ្ចប់ភារកិច្ចនៅក្របខណ្ឌ Bundesliga មុននឹងហោះទៅកាន់ទីក្រុងឡុងដ៍នាខែក្រោយ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628