បាល់ទាត់

ឥណ្ឌូនេស៊ីទុកពេលឲ្យគ្រូជម្រើសជាតិ ១សប្តាហ៍ បើមិនត្រឡប់មកវិញទេនឹងត្រូវដកតំណែង

គ្រូបង្គោលជម្រើសជាតិឥណ្ឌូនេស៊ី លោក Shin Tae-Yong កំពុងប្រឈមនឹងវិធានការក្តៅពីសំណាក់សមាគមបាល់ទាត់ឥណ្ឌូនេស៊ី (PSSI) ពោលគឺអាចឈានដល់ការដកតំណែង បន្ទាប់ពីលោកព្យាយាមបន្តស្នាក់នៅប្រទេសកូរ៉េខាងត្បូង ដែលជាស្រុកកំណើតរបស់លោក។

ប៉ុន្មានថ្ងៃចុងក្រោយនេះ កៅអីរបស់អតីតគ្រូជម្រើសជាតិកូរ៉េខាងត្បូងក្នុងសម័យកាល FIFA World Cup ឆ្នាំ២០១៨ ខាងលើហាក់ដូចជាកើនឡើងកម្តៅខ្លាំង ដោយសារតែមានបញ្ហាជាមួយនឹងខាងសមាគមបាល់ទាត់ឥណ្ឌូនេស៊ី (PSSI) ដែលជាស្ថាប័នក្បាលម៉ាស៊ីនបាល់ទាត់ប្រចាំប្រទេស។

យោងតាមការចុះផ្សាយរបស់ CNN Indonesia បានធ្វើកិច្ចសម្ភាសន៍ជាមួយលោក Sharif Bastaman ប្រធានសមាគមបាល់ទាត់ឥណ្ឌូនេស៊ី (PSSI) បានចេញមុខបកស្រាយចំៗ ពាក់ព័ន្ធលោក Shin Tae-Yong ដូចតទៅៈ

៉ ប្រសិនបើគាត់ (Shin Tae-Yong) មិនព្រមត្រឡប់មកវិញតាមសំណើរ​បស់ពួកយើង ពួកយើងនឹងធ្វើការពិចារណាលើកិច្ចសន្យារបស់គាត់។ ជារួម! ប្រហែលជាអាចនឹងបញ្ចប់កិច្ចសន្យានេះ។ យ៉ាងណាក៏ដោយ! ពេលនេះរូបគាត់នៅតែជាប់កិច្ចសន្យាការងារជាមួយពួកយើង។ ពួកយើងបានដាក់សំណើឲ្យគាត់វិលត្រលប់មកទីក្រុង Jakarta វិញនាសប្តាហ៍ក្រោយ។ ដូច្នេះមានតែរង់ចាំមើលថាគាត់ត្រឡប់មកវិញ ឬក៏អត់។   ៉ 

គួររំលឹកបន្តិចថា គ្រូបង្វឹកវ័យ៤៩ឆ្នាំខាងលើ បានឈានជើងចូលមកដឹកនាំក្រុមជម្រើសជាតិឥណ្ឌូនេស៊ី កាលពីចុងឆ្នាំ២០១៩ ខណៈមកទល់ពេលនេះពុំទាន់បានមានឳកាសដឹកនាំការប្រកួតផ្លូវការសូម្បីមួយលើកឡើយ ដោយសារកត្តាជំងឺរាតត្បាត COVID-19 ។

ដោយសារតែការរាតត្បាតជាសកលនៃជំងឺខាងលើនេះទៀតសោត បច្ចុប្បន្នភាពលោក Shin Tae-Yong ក៏បានធ្វើដំណើរត្រឡប់ទៅប្រទេសកំណើតកូរ៉េខាងត្បូង ជាបណ្តោះអាសន្នដោយព្យាយាមមិនព្រមត្រឡប់មកឥណ្ឌូនេស៊ីវិញដោយបានអះអាងពីអត្រាគ្រោះថ្នាក់ពី COVID-19 ក្នុងប្រទេសតំបន់អាស៊ីអាគ្នេយ៍មួយនេះ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628