បាល់ទាត់

ពាក្យប៉ុន្មានម៉ាត់ពី Arsene Wenger រួមចំណែកបាល់ទាត់វៀតណាមរីកចម្រើនដូចសព្វថ្ងៃ

អតីតអ្នកចាត់ការទូទៅនៃក្លិបកាំភ្លើងធំ Arsenal លោក Arsene Wenger ពិតជាសក្តិសមនឹងទទួលបានការគោរព ចំពោះពាក្យពេចន៍របស់លោកប៉ុន្មានម៉ាត់ដែលបានរួមចំណែកជួយឲ្យវិស័យបាល់ទាត់ក្នុងប្រទេសវៀតណាម មានភាពរីកចម្រើនដូចសព្វថ្ងៃនេះ។

ភាពជោគជ័យក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះមានដូចជាម្ចាស់ជើងឯក AFF Suzuki Cup ឆ្នាំ២០១៨ ,  មេដាយមាស SEA Games ឆ្នាំ២០១៩ ក៏ដូចជាចំណាត់ថ្នាក់ល្អក្នុងព្រឹត្តិការណ៍ពានរង្វាន់យុវជនអាស៊ី (AFC)… ជាដើម។ សមិទ្ធផលទាំងនេះក៏រួមចំណែកដោយកីឡាករជាច្រើនបានបណ្តុះបណ្តាលចេញពីថ្នាល់យុវជនក្លិប HAGL Arsenal JMG Academy ដែលជាសាលាបណ្តុះបណ្តាលណែនាំឲ្យបង្កើតឡើងដោយលោក Arsene Wenger 

រឿងរ៉ាវដំបូង ពោលគឺនៅកំឡុងឆ្នាំ២០០៧ ក្រោយបញ្ចប់រដូវកាល២០០៦/២០០៧ នៅក្របខណ្ឌលីគកំពូលអង់គ្លេស ដោយធ្លាប់មានទំនាក់ទំនងក្នុងនាមជាដៃគូស្រាប់តំណាងក្លិប Hoang Anh Gia Lai បានធ្វើដំណើរទៅទីក្រុងឡុងដ៍ ដើម្បីជួបជាមួយភាគីក្លិប Arsenal ក្នុងគោលបំណងពិភាក្សាអំពីគម្រោងចង់អញ្ជើញក្លិបសមាជិក Premier League នេះធ្វើការប្រកួតមិត្តភាពក្នុងប្រទេសវៀតណាម ឬក៏ធ្វើការនាំយកយុវជនវៀតណាម មកហ្វឹកហាត់នៅអង់គ្លេស។

តែដំណើរការគម្រោងខាងលើត្រូវបានបដិសេធដោយលោក Arsene Wenger ផ្ទាល់តែម្តង ដោយគាត់ប្រហែលជាបានគិតថាកម្រិតសមត្ថភាពនៃគូប្រកួតហាក់ដូចជាខុសឆ្ងាយពីគ្នា។ តែផ្ទុយមកវិញអតីតអ្នកដឹកនាំក្លិប Arsenal សរុប ១ ២៣៥ប្រកួតរូបនេះ ក៏បានផ្តល់ជាគំនិតមួយវិញដោយលោកបានផ្តល់យោបល់ឲ្យក្លិបទាំងពីរ សហការគ្នាក្នុងការបង្កើតថ្នាល់បណ្តុះបណ្តាលយុវជននៅក្នុងប្រទេសវៀតណាម ដែលជាផែនការយូរ និងទទួលបានសមិទ្ធផលនាពេលខាងមុខ។

ដោយសារមានណែនាំ និងប្រឹក្សាពីអ្នកចាត់ការវ័យចាស់រូបនេះ ទីបំផុតក្លិបទាំងពីរក៏បានសម្រេចគំនិតចុះកិច្ចព្រមព្រៀងគ្នាក្នុងការអភិវឌ្ឍយុវជនថ្នាល់ក្នុងប្រទេសវៀតណាម ដោយបានបង្កើតឲ្យមានថ្នាល់បណ្តុះបណ្តាល HAGL Arsenal JMG Academy តាំងពីឆ្នាំ២០០៧ និងចារ្យទុកជាសាលាបណ្តុះបណ្តាលថ្នាល់យុវជនឯកជនមុនគេបំផុតនៅប្រទេសវៀតណាមផងដែរ។ ជារឿយៗ រៀងរាល់ឆ្នាំ Arsenal តែងបញ្ចូនគ្រូជំនួយ និងគ្រូបង្ហាត់មួយចំនួន ព្រមទាំងធ្លាប់មានការនាំយកយុវជនវៀតណាម ទៅហ្វឹកហាត់នៅអង់គ្លេសក្នុងរយៈពេលខ្លីៗ ថែមទៀត៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628