បាល់ទាត់

Cavani មិននៅជួយ PSG បង្ហើយក្នុងពាន UEFA និងពានខាប់បារាំងទាំងពីរឡើយ

ខ្សែប្រយុទ្ធរកបានគ្រាប់បាល់ច្រើនជាងគេក្នុងប្រវត្តិសាស្ត្រក្លិប Paris Saint-Germain ពោលគឺ Edinson Cavani នឹងចាកចេញពីក្លិបក្រោយដំណាច់ខែនេះ មានន័យថារូបគាត់មិនបាននៅជួយក្លិបបង្ហើយភារកិច្ចក្នុងពាន UEFA Champions League វគ្គ៨ក្រុមចុងក្រោយ ព្រមទាំងពានរង្វាន់ French Cup និង French League Cup ឡើយ។

រំលឹកទៅដើមខែនេះបន្តិច ក្លិបជើងឯកលីគកំពូលបារាំងខាងលើ បានប្រកាសពីការឈានដល់ពេលវេលាចែកផ្លូវគ្នាជាមួយខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរ៉ាហ្គាយ ដែលបានចូលរួមនៅទីនេះតាំងពីឆ្នាំ២០១៣ បន្ទាប់ពីខាងក្លិបសម្រេចមិនបន្តកិច្ចសន្យាថ្មីឲ្យ។

យោងទៅតាមកិច្ចសន្យារបស់ Edinson Cavani នឹងអស់សពុលភាពនាថ្ងៃទី៣០ ខែមិថុនា ប៉ុន្មានថ្ងៃខាងមុខនេះ មានន័យថាជាពេលវេលាដែលរូបគាត់នឹងចាកចេញពីទឹកដីបារាំងជាផ្លូវការ។

ដ្បិតក្នុងលីគកំពូលបារាំងបានបញ្ចប់ជាផ្លូវការ ដោយ Paris Saint-Germain បានគ្រងជើងឯក ប៉ុន្តែក្លិបអ្នកមានមួយនេះត្រូវមានភារកិច្ចបន្តក្នុងរដូវកាល២០១៩/២០២០ ក្នុងពានរង្វាន់ UEFA Champions League វគ្គ ៨ក្រុមចុងក្រោយ ព្រមទាំងការប្រកួតវគ្គផ្តាច់ព្រ័ត្រទាំងពីរលើកក្នុងពាន French Cup ឬ Coupe de France តទល់នឹង AS Saint-Etienne និង French League Cup ឬ Coupe de la Ligue ត្រូវប៉ះនឹង Lyon ។

ដូច្នេះជារួមសម្រាប់ការប្រកួតដែលនៅសល់ដូចការរៀបរាប់ខាងលើនេះ ប្រិយមិត្តនឹងពុំឃើញមានវត្តមានរបស់កីឡាករវ័យ ៣៣ឆ្នាំនេះទៀតទេ។

Edinson Cavani បានផ្ទេរមកពីក្លិប Napoli ចូលរួមជាមួយ Paris Saint-Germain ក្នុងរដូវកាល២០១៣/២០១៤ គិតមកទល់បច្ចុប្បន្នបង្ហាញខ្លួនឲ្យក្លិបសរុប ៣០១លើក និងរកបាន ២០០គ្រាប់ ហើយរួមចំណែកឲ្យក្លិបឈ្នះបានសរុប ១៩ពានរង្វាន់ផ្លវូការ៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628