បាល់ទាត់

អតីតវីរៈបុរសជម្រើសជាតិអឺរ៉ាក់មួយរូប បាត់បង់ជីវិតដោយសារ COVID-19 កាលពីម្សិលមិញ

លោក Ahmed Radhi អតីតវីរៈបុរសខ្សែប្រយុទ្ធនៃក្រុមជម្រើសជាតិអឺរ៉ាក់ ត្រូវបានប្រកាសជាផ្លូវការពីក្រសួងសុខាភិបាលអឺរ៉ាក់ថារូបលោកបាត់បង់ជីវិតដោយសារជំងឺ COVID-19 នៅឯប្រទេសកំណើតអឺរ៉ាក់។

លោក Ahmed Radhi បានបាត់បង់ជីវិតក្នុងអាយុ ៥៦ឆ្នាំ ដែលត្រូវបានគេចាត់ទុកជាវីរៈបុរសក្នុងពិភពបាល់ទាត់អឺរ៉ាក់ ដោយរូបគាត់គឺជាអ្នករកគ្រាប់បាល់ច្រើនបំផុតលំដាប់ទី២ ក្នុងប្រវត្តិសាស្ត្រក្រុមជម្រើសជាតីអឺរ៉ាក់ ពោលដោយធ្លាប់បង្ហាញខ្លួនពីឆ្នាំ១៩៨២ ដល់ឆ្នាំ១៩៩៧ បង្ហាញខ្លួនសរុប១២១លើក និងរកបាន៦២គ្រាប់។

អតីតកីឡាករលេងក្នុងតំណែងខ្សែប្រយុទ្ធរូបនេះ ក៏ចារ្យឈ្មោះជាអ្នករកគ្រាប់បាល់តែ១គ្រាប់គត់ឲ្យជម្រើសជាតិអឺរ៉ាក់ ក្នុងប្រវត្តិសាស្ត្រព្រឹត្តិការណ៍ FIFA World Cup តាំងពីឆ្នាំ១៩៨៦ ក្នុងប្រទេសមុិកស៊ិក ទល់នឹងជម្រើសជាតិប៊ែលហ្ស៊ិក។

បុរសកើតឆ្នាំ១៩៦៤ ខាងលើបានត្រូវរាយការណ៍ថារកឃើញមានផ្ទុកជំងឺ COVID-19 ទើបតែកាលពីសប្តាហ៍មុនប៉ុណ្ណោះ ក្នុងទីក្រុងកំណើតរបស់លោក Baghdad ក្នុងប្រទេសអឺរ៉ាក់។ ក្នុងកិច្ចសម្ភាសន៍កាលពីរូបគាត់ឆ្លងជំងឺខាងលើពីគ្រាដំបូង លោក Ahmed Radhi ក៏ធ្លាប់បានលើកឡើងថា រូបគាត់ពិតជាពិបាកក្នុងការដកដង្ហើមជាខ្លាំង។

សរុបមកវិញអតីតកីឡាករជាប់ឈ្មោះជាកីឡាករល្អប្រចាំទ្វីបអាស៊ីក្នុងឆ្នាំ១៩៨៨ រូបនេះបានបាត់បង់ជីវិតនៅថ្ងៃអាទិត្យ ទី២១ ខែមិថុនា ឆ្នាំ២០២០ ក្នុងអាយុ ៥៦ឆ្នាំ ដោយសារជំងឺ COVID-19 ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628