បាល់ទាត់

ផ្លូវការៈ Joe Hart នឹងទំនេរគ្មានតម្លៃខ្លួនផ្ទេរ ក្រោយពី Burnley ប្រកាសមិនបន្តកិច្ចសន្យាឲ្យ

វីរៈបុរសក្លិបមេឃខៀវ Manchester City ពោលគឺ Joe Hart នឹងក្លាយខ្លួនជាកីឡាករគ្មានតម្លៃខ្លួនផ្ទេរចាប់ពីសប្តាហ៍ក្រោយតទៅ ពោលគឺនឹងត្រូវផុតកិច្ចសន្យាជាមួយក្លិប Burnley FC ចាប់ពីថ្ងៃទី៣០ ខែមិថុនា នេះតទៅ ខណៈក្លិបនេះក៏ប្រកាសជាផ្លូវការមិន​បន្តកិច្ចសន្យាថ្មីឲ្យផងដែរ។

រ​បាយការណ៍ពី Sky Sports បានចេញផ្សាយឲ្យដឹងថាក្លិបសមាជិកលីគកំពូលអង់គ្លេស Burnley FC ជាផ្លូវការសម្រេចមិនបន្តកិច្ចសន្យាថ្មីដល់អ្នកចាំទីវ័យ ៣៣ឆ្នាំខាងលើឡើយ ខណៈក្នុងរដូវកាលនេះទាំងមូល Joe Hart បានត្រឹមបង្ហាញខ្លួនលើទីលានត្រឹម ៣ប្រកួតប៉ុណ្ណោះ។

៣ប្រកួតក្នុងរដូវកាលនេះ អតីតអ្នកចាំទីជម្រើសជាតិអង់គ្លេសខាងលើបានត្រឹមបង្ហាញខ្លួនក្នុងក្របខណ្ឌ FA Cup ២លើក និង EFL Cup ១លើកប៉ុណ្ណោះ ឯក្នុងក្របខណ្ឌ Premier League មិនបានបង្ហាញខ្លួនទាល់តែសោះ។

រំលឹកមកវិញ Burnley FC បានធ្វើការផ្ទេរយក Joe Hart ពី Manchester City កាលពីរដូវកាល២០១៨/២០១៩ ជាមួយតម្លៃខ្លួន ៣.៥លានផោន និងចំណាយពេល ២រដូវកាលគាត់បង្ហាញខ្លួនសរុប ២៤លើក។

ក្រោយអស់សពុលភាពកិច្ចសន្យា មានន័យថាចាប់ពីខែក្រោយតទៅ អ្នកចាំទីធ្លាប់ទទួលបានពានរង្វាន់អ្នកចាំទីល្អប្រចាំរដូវកាលក្នុងលីគកំពូលអង់គ្លេស ៤សម័យរូបនេះ នឹងវិវត្តន៍ជាកីឡាករគ្មានតម្លៃខ្លួនផ្ទេរ និងត្រូវរង់ចាំសំណើពីក្លិបដទៃដើម្បីចូលរួមនារដូវកាលបន្ទាប់៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628