កីឡាជាតិ

មុនស៊ីហ្គេម២០២៣ កម្ពុជា ត្រៀមអ្វីខ្លះក្នុងនាមម្ចាស់ផ្ទះលើកដំបូងក្នុងប្រវត្តិសាស្ត្រ?

កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ( SEA GAMES ) លើកទី៣២ នាឆ្នាំ២០២៣ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ នេះជាកាតាព្វកិច្ចធំមួយសម្រាប់រាជរដ្ឋាភិបាលក្នុងការរៀបចំការប្រកួត ទទួលប្រទេសក្នុងតំបន់ និងរ៉ាប់រងថ្លៃចំណាយទាំងស្រុងតែម្តង។ តើគិតមកដល់ពេលនេះ កម្ពុជា បានត្រៀម និងគ្រោងធ្វើអ្លីខ្លះសម្រាប់កិត្យានុភាពជាតិលើឆាកអន្តរជាតិ?

នៅក្នុងកិច្ចការនេះ រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មការជាតិរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ ហៅកាត់ថា គ.ជ.ប.អ ( CAMSOC) ។ CAMSOC មានសមាភាពដឹកនាំជាមន្ត្រីជាន់ខ្ពស់ចំនួន៤២រូប ដែលមាន សម្តេចពិជ័យសេនា ទៀ បាញ់ ជាប្រធាន និងមានអនុគណកម្មការជំនាញចំនួន៦ជាសេនាធិការ។ សកម្មភាពការងារ និង វឌ្ឍនភាព CAMSOC មានដូចខាងក្រោម៖

ហេដ្ឋារចនាសម្ព័ន្ធ៖ គណៈកម្មការខាងលើជាអ្នកទទួលសឹទ្ធិក្នុងការសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមជំនួយពីមិត្តចិន សម្រាប់ជាមជ្ឍមណ្ឌលគោលក្នុងការរៀបចំប្រកួតកីឡានានា ពិសេសកីឡាក្នុងសាល។ បច្ចុប្បន្ន សម្រេចបានស្ទើរទាំងស្រុងលើទីលានកីឡាក្នុងសាល និងចុងឆ្នាំនេះ រួចរាល់សម្រាប់កីឡដ្ឋានធំ ( Main Stadium ) សម្រាប់កីឡាបាល់ទាត់ អត្តពលកម្ម និងពិធីបើកបិទ។ ក្រៅពីនេះ ក៏មានគម្រោងគាំទ្រដល់សហព័ន្ធជាតិជាជំនួយសម្ភារៈ ឬទីតាំងបច្ចេកទេសស្របតាមតម្រូវការ។ នាដើមឆ្នាំ២០២១ CAMSOC នឹងសាងសង់ភូមិ​កីឡា​មួយទៀត ដែល​អាច​ផ្ទុក​មនុស្ស​បាន​ពី​៧​ពាន់​ទៅ​១​ម៉ឺន​នាក់ នៅពេលស៊ីហ្គេមចូលមកដល់។

អភិវឌ្ឍជំនាញកីឡា៖ CAMSOC បានសហការជាមួយប្រទេសជាមិត្ត ពិសេសចិន ក្នុងការបញ្ចូនអត្តពលិកទៅហាត់តាំងពីឆ្នាំ២០១៩។ និយាយដោយឡែកសម្រាប់ ចិន គឺត្រៀមបញ្ជូនរយៈពេលយូរជាលើកទី២ ដោយមានទាំងគ្រូបង្វឹកទៅទៀតនាពាក់កណ្តាលឆ្នាំនេះ ប៉ុន្តែត្រូវខកខានដោយសារការរីករាលដាលនៃជម្ងឺកូវីដ១៩។ ក្រៅពីនេះ ក៏មានថវិការទ្រទ្រង់មួយចំនួនក្នុងការបញ្ជូនមន្ត្រី ទៅទទួលយកការបណ្តុះបណ្តាលកម្រិតអន្តរជាតិតាមជំនាញរៀងៗខ្លួន។

សហការណ៍រៀបចំការប្រកួត៖ នៅក្នុងផែនការមេរបស់ CAMSOC ចាប់ពីឆ្នាំ២០២១នេះទៅ នឹងឧបត្ថម្ភដល់សហព័ន្ធជាតិដើម្បីរៀបចំការប្រកួតអន្តរជាតិកម្រិតពីអាស៊ានឡើងទៅ និងឆ្នាំ២០២២ដល់ដើមឆ្នាំ២០២៣ ត្រូវរៀបចំ Pre-Sea Games ម្តងទៀត។ ក្រៅពីនោះក៏មានសហការជាមួយក្រសួងអប់រំ ក្នុងការបង្កើនបច្ចេកទេសក្នុងការប្រកួតជើងឯកថ្នាក់ជាតិ និងកីឡាជាតិជាដើម។

ផ្តើមការងាររៀបចំ៖ ក្នុងដំណើរការរៀបចំព្រឹត្តិការណ៍ខាងលើ បច្ចុប្បន្ន CAMSOC កំពុងសិក្សា និងពិនិត្យលទ្ធភាពក្នុងការដាក់ប្រភេទកីឡាចូលទៅក្នុងការប្រកួត។ ក្នុងនោះចែកជា ប្រភេទកីឡាចាំបាច់ , ប្រភេទកីឡាសក្តានុពល ជាទិសដៅស្នូលក្នុងការរៀបចំធ្វើយ៉ាងណាឲ្យបានសឹទ្ធិផលខ្ពស់។ កីឡាចាំបាច់មានដូចជា អត្តពលកម្ម ហែលទឹក សី ជាដើម។ ចំណែកកីឡាសក្តានុពលមានដូចជា វ៉ូវីណាម, តេក្វាន់ដូរ ITF, ប៉េតង់ ….។ ក្រៅពីនោះ CAMSOC កំពុងសស្រាកសស្រាំក្នុងការរៀបចំពាក្យស្លោក និមិត្តសញ្ញា និងរូបតំណាងស៊ីហ្គេម ដោយមានអ្នកជំនាញជាច្រើន។ ពាក្យស្លោកដែលបានឯកភាពរួចហើយ នៅចាំតែការសំរេចពីថ្នាក់ដឹកនាំគឺ « កីឡា ដើម្បីសន្តិភាព Sport into Peace »។ ចំណែករូបតំណាងគឺ រូបសុភាទន្សាយ និងនិមិត្តសញ្ញាកំពុងពិភាក្សាគ្នាយ៉ាងលម្អិត។

ដើម្បីអនុវត្តផែនការណ៍ខាងលើនេះ កម្ពុជា គ្រោងចំណាយប្រមាណ៣០០លានដុល្លារអាមេរិក និងរំពឹងដណ្តើមយកចំណាត់ថ្នាក់ទី៥ក្នុងចំណោម១១ប្រទេសចូលរួម។

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628