បាល់ទាត់

សង្គ្រាមពាក្យសម្តីរវាងគ្រូបង្វឹក និងសមាគមបាល់ទាត់ឥណ្ឌូនេស៊ី កាន់តែឡើងកម្តៅ

រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះអាយ៉ៃឆ្លើយឆ្លងនៃពាក្យឌឺដងគ្នារវាងគ្រូបង្គោលជម្រើសជាតិឥណ្ឌូនេស៊ី និងមន្ត្រីក្រុមការងារតំណាងឲ្យសមាគមបាល់ទាត់ឥណ្ឌូនេស៊ី ហាក់ដូចជាបន្តកើនឡើងកម្តៅគួរឲ្យកត់សម្គាល់។

រឿងរ៉ាវរវាងភាគីទាំងសងខាងបានកើនឡើងជាបន្តបន្ទាប់ ខណៈឞច្ចុប្បន្នលោក Shin Tae-Yong អតីតគ្រូបង្គោលជម្រើសជាតិកូរ៉េខាងត្បូងក្នុងសម័យកាល FIFA World Cup ឆ្នាំ២០១៨ រូបនេះកំពុងស្នាក់នៅប្រទេសកំណើតរបស់ខ្លួន ដោយអះអាងថាបច្ចុប្បន្នភាពពិភពលោកកំពុងរាតត្បាតនៃជំងឺ COVID-19 ចំណែឯខាងសមាគមបាល់ទាត់វិញបន្តធ្វើការរិះគន់របៀបធ្វើការទៅវិញ។

បើតាមការចុះផ្សាយរបស់កាសែតព័ត៌មានឥណ្ឌូនេស៊ីធ្លាប់ចុះផ្សាយកន្លងមក លោក Shin Tae-Yong ក៏បានបែងចែកការងារ និងរៀបចំការងារទុកមុនដោយមានក្រុមការងារខ្លួននៅក្នុងប្រទេសឥណ្ឌូនេស៊ី។

ប៉ុន្មានថ្ងៃមុននេះ ប្រធានសមាគមបាល់ទាត់ឥណ្ឌូនេស៊ី លោក Sharif Bastaman ក៏បានបញ្ចេញវិធានការក្តៅមួយផងដែរ ពោលដោយទុកពេលវេលាឲ្យលោក Shin Tae-Yong តែ ១សប្តាហ៍ទៀតប៉ុណ្ណោះ ក្នុងករណីមិនព្រមត្រឡប់មកត្រៀមរៀបចំដឹក​​នាំ និងបំពេញភារកិច្ចការងារទៀតនោះ នឹងត្រូវផ្តាច់កិច្ចសន្យាតែម្តង។

បន្ថែមពីខាងលើ ពីម្សិលមិញនេះលោក Indra Sjafri នាយកបច្ចេកទេសនៃសមាគមបាល់ទាត់ឥណ្ឌូនេស៊ី ដែលប្រិយមិត្តប្រាកដជាធ្លាប់ស្គាល់មកហើយ រូបគាត់ក៏ធ្លាប់ជាគ្រូបង្វឹកជួយឥណ្ឌូនេស៊ីឈុត U22 លើកពាន AFF U22 Youth Championship កាលពីដើមឆ្នាំ២០១៩ កន្លងទៅថ្មីៗ ក្នុងប្រទេសកម្ពុជា។

បុរសឡើងកាន់តំណែងនាយកបច្ចេកទេសថ្មីនៃសមាគមបាល់ទាត់ឥណ្ឌូនេស៊ីរូបនេះបានបញ្ចេញមតិរិះគន់របៀបធ្វើការរបស់លោក Shin Tae-Yong ក្នុងអត្ថន័យបកប្រែដូចតទៅៈ

៉ វាពិតជាពិបាកបន្តិចហើយក្នុងការផ្តល់សិទ្ធិអំណាចទាំងស្រុងទៅដល់លោក Shin Tae-Yong ដោយប្រគល់ទាំងតួនាទីដឹកនាំជម្រើសជាតិឈុតធំ ឈុត U23 និងឈុត U19 ទៀតផងនោះ។ ដើមឡើយខាងសមាគមមិនឯកភាពតាមសំណើរបស់គាត់ឡើយ ក្នុងការផ្តល់តំណែងដឹកនាំទាំង ៣កម្រិតជម្រើសជាតិដល់គាត់ ប៉ុន្តែរូបគាត់នៅបន្តទាមទារតំណែងទាំងនេះ។   ៉ 

បន្ថែមពីនេះលោក Indra Sjafri ក៏បានបញ្ចេញគំនិតមិនពេញចិត្តចំពោះលោក Shin Tae-Yong ដែលបានត្រឹមបញ្ចេញមតិច្រើនហួសហេតុលើសពីការបញ្ចេញសកម្មភាពជាក់ស្តែងក្នុងការងារ ជាពិសេសកំឡុងពេលរូបគាត់វិលត្រឡប់ទៅស្នាក់នៅប្រទេសកូរ៉េខាងត្បូងវិញបែបនេះ។

ជាចុងក្រោយគួរឲ្យដឹងថា គ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូងខាងលើបានទាមទារយកតំណែង U19 ដើម្បីត្រៀមខ្លួនឆ្ពោះទៅភាពជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ FIFA U20 World Cup ឆ្នាំ២០២១ ដែលឥណ្ឌូនេស៊ីជាម្ចាស់ផ្ទះ៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628