បាល់ទាត់

កាសែតឥណ្ឌូនេស៊ី បង្ហាញគ្រូបង្វឹកកូរ៉េខាងត្បូង ៣រូបបំភ័យលោក Shin Tae-Yong ចំពោះកៅអីជម្រើសជាតិ

កៅអីគ្រូបង្គោលជម្រើសជាតិឥណ្ឌូនេស៊ីរបស់លោក Shin Tae-Yong ហាក់ដូចជាបន្តកើនឡើងកម្តៅខ្លាំងឡើងៗ ដោយស្តែងឲ្យឃើញតាមរយៈវិវាទការងារ និងពាក្យសម្តីឌឺដងរវាងបុរសសញ្ជាតិកូរ៉េខាងត្បូងរូបនេះ និងក្រុមមន្ត្រីបម្រើការក្នុងសមាគមបាល់ទាត់ឥណ្ឌូនេស៊ី (PSSI) មួយចំនួន រួមទាំងប្រធានសមាគមផងដែរ។

ស្របពេលដែលការបាញ់បោះពាក្យសម្តីឌឺដងគ្នាមិនឈប់ឈរ កាសែតសារព័ត៌មានកីឡាល្បីប្រចាំប្រទេសឥណ្ឌូនេស៊ី Indosports ក៏បានឆ្លៀតបង្ហើបឈ្មោះបេក្ខភាព ៣រូបថ្មី ដែលសុទ្ធសឹងជាជនជាតិកូរ៉េខាងត្បូងដដែល ហើយអាចនឹងសមាគមបាល់ទាត់ឥណ្ឌូនេស៊ី (PSSI) កំពុងចារណាចរចានាំមកជំនួសកៅអីលោក Shin Tae-Yong 

តាមការចុះផ្សាយរបស់កាសែតខាងលើបេក្ខភាពតាមពាក្យចចាមអារ៉ាម ដែលសមាគមបាល់ទាត់ឥណ្ឌូនេស៊ី (PSSI) កំពុងតាមដានរួមមានៈ

១. Heo Jeong-Mu

បុរសរូបនេះមានវ័យ ៦៥ឆ្នាំ និងមានប្រវត្តិដឹកនាំទាំងក្លិប និងក្រុមជម្រើសជាតិរួមផង។ កាលនៅជាកីឡាករ លោក Heo Jeong-Mu ធ្លាប់ជាសមាជិកនៃក្រុមជម្រើសជាតិកូរ៉េខាងត្បូងពីឆ្នាំ១៩៧៤ ដល់ឆ្នាំ១៩៨៦ ។ ចូលមកដល់អាជីពដឹកនាំវិញ រូបគាត់ធ្លាប់មានបទពិសោធន៍ដឹកនាំក្លិបជាច្រើនក្នុងលីគកំពូលកូរ៉េខាងត្បូង និងក្រុមជម្រើសជាតិកូរ៉េខាងត្បូងដល់ទៅ ៤លើកឯណោះ ក្នុងនោះក៏ធ្លាប់ជួយឲ្យជម្រើសជាតិតំបន់អាស៊ីខាងកើតមួយនេះ គ្រងដំណែងជើងឯកប្រចាំតំបន់ EAFF East Asia Cup ឆ្នាំ២០០៨ ផងដែរ។ បច្ចុប្បន្នរូបលោកកំពុងទំនេរពីការងារនៅឡើយ ដែលជាឳកាសខ្ពស់ក្នុងការនាំមកដឹកនាំក្រុមជម្រើសជាតិឥណ្ឌូនេស៊ី។

 

២. Kim Ho-Kon

លោក Kim Ho-Kon មានវ័យ ៦៩ឆ្នាំ បច្ចុប្បន្នកាន់តំណែងជានាយកបច្ចេកទេសក្លិប Suwon FC សមាជិកនៃក្របខណ្ឌលីគកំពូលកូរ៉េខាងត្បូង។ អតីតខ្សែការពារជម្រើសជាតិកូរ៉េខាងត្បូងរូបនេះ ធ្លាប់ដឹកនាំចុងក្រោយគឺក្លិប Ulsan Hyundai ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៣ សរុប ២០២ ប្រកួតក្នុងនោះអាចយកលទ្ធផលឈ្នះលើដៃគូសរុប ១០១ ប្រកួត ស្មើរ ៦០ ប្រកួត និងចាញ់ ៤០ ប្រកួត។ ខណៈក្នុងឆ្នាំ២០១២ កន្លងទៅ រូបគាត់ក៏ជាប់ឈ្មោះជាគ្រូបង្វឹកល្អបំផុតប្រចាំទ្វីបអាស៊ី (AFC) ផងដែរ។

 

៣. Cho Kwang-Rae

បេក្ខភាពចុងក្រោយដែលអាចនឹងមកអង្គុយកៅអីជម្រើសជាតិឥណ្ឌូនេស៊ីគឺលោក Cho Kwang-Rae ដែលមានវ័យ ៦៦ឆ្នាំ។  មិនខុសគ្នាពីបេក្ខភាពទី២ រូបលោកបច្ចុប្បន្នកំពុងកាន់តំណែងជាប្រធានបច្ចេកទេសនៃក្លិប Daegu FC សមាជិកនៃក្របខណ្ឌលីគកំពូលកូរ៉េខាងត្បូង។ អតីតភាពជាកីឡាករក៏ជាសមាជិកជម្រើសជាតិកូរ៉េខាងត្បូងផងដែរ ហើយក៏រួមចំណែកជួយលើកពាន AFC Asian Cup ២សម័យកាល ក្នុងឆ្នាំ១៩៧៨ និងឆ្នាំ១៩៨៦ ។ ក្រោយចូលនិវត្តន៍បន្តអាជីពដឹកនាំ រូបលោកធ្លាប់ដឹកនាំក្លិបក្នុងលីគកំពូលកូរ៉េខាងត្បូងមួយចំនួន ដោយឈ្នះពានលីគកំពូល និងពានផ្សេងៗ ។ កាលពីឆ្នាំ២០១០ ដល់ឆ្នាំ២០១១ គាត់គឺជាគ្រូបង្គោលនៃក្រុមជម្រើសជាតិរហ្សនាមខ្លាសនេះ និងបានតំណែងលេងរៀងទី៣ នៃព្រឹត្តិការណ៍ AFC Asian Cup ឆ្នាំ២០១១ ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628