បាល់ទាត់

ផ្លូវការៈ Chelsea ផ្តល់កិច្ចសន្យារយៈពេលខ្លីជូន Willian និង Pedro ដល់ចប់រដូវកាលនេះ

ជាផ្លូវការ ក្លិបតោខៀវ Chelsea កាលពីរាត្រីយប់មិញនេះបានសម្រេចផ្តល់កិច្ចសន្យាថ្មីរយៈពេលខ្លី ដល់ខ្សែបម្រើស្លាបសងខាងរបស់ខ្លួនរួមមាន Willian និង Pedro ឲ្យបន្តស្នាក់នៅជួយក្លិបរហូតដល់ចប់រដូវកាល២០១៩/២០២០ នេះដែលបានពន្យាពេលដោយសារជំងឺ COVID-19 ។

ក្រោមការដឹកនាំរបស់លោក Frank Lampard អ្នកចាត់ការបទពិសោធន៍ក្មេងខ្ចីរូបនេះ បានសម្រេចផ្តល់កិច្ចសន្យាថ្មីបន្ថែមដល់កីឡាករទាំងពីរខាងលើជាដំណាក់ដំបូងសិន ខណៈកិច្ចសន្យាចាស់ពួកគេនឹងត្រូវផុតកំណត់ត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ នេះទៅហើយ។

បច្ចុប្បន្ន Chelsea នៅមានភារកិច្ចក្នុងការប្រកួត ៣ក្របខណ្ឌទៀតរួមមាន លីគកំពូលអង់គ្លេស (Premier League), FA Cup និង UEFA Champions League ។

ចំពោះកីឡាករប្រេស៊ីល Willian ដែលមានអាយុ ៣១ឆ្នាំ ក្នុងរដូវកាលនេះបានបង្ហាញខ្លួនសរុបដល់ ៣៨លើក តែចំណែកឯកីឡាករអេស្ប៉ាញ Pedro ដែលមានអាយុ ៣២ឆ្នាំ បានត្រឹមបង្ហាញខ្លួន ១៨លើកប៉ុណ្ណោះ គួបផ្សំនឹងការរបួសជាញឹកញាប់ថែមទៀត។

គួរឲ្យដឹងផងថាតាមព័ត៌មានចចាមអារ៉ាមមួយរយៈក្រោយនេះ Chelsea ហាក់ដូចជាពុំមានចេតនាឲ្យកីឡាករទាំងទ្វេ ស្នាក់នៅទៀតឡើយនារដូវកាលបន្ទាប់២០២០/២០២១ ខណៈ Pedro ក៏លេចលឺដំណឹងថាបានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនចូលរួមជាមួយ AS Roma នៅអ៊ីតាលីរួចរាល់ផងដែរ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628