បាល់ទាត់

Fikayo Tomori ហក់ឡើងតម្លៃខ្លួនខ្ពស់ជាងគេ ប្រៀបនឹងយុវជន Chelsea រដូវកាលនេះ

តាមរយៈព័ត៌មានអំពីតម្លៃខ្លួនចុងក្រោយ ចំពោះខ្សែការពារវ័យក្មេង Fikayo Tomori បានហក់ឡើងខ្ពស់ជាងគេ បើប្រៀបធៀបនឹងតម្លៃខ្លួនកីឡាករវ័យក្មេង ដែលតម្លើងចេញពីយុវជនក្នុងក្លិប Chelsea រួមគ្នាក្នុងរដូវកាលនេះ។

យោងតាមការវាយតម្លៃរបស់ Carteret Analytics និងសហការផ្សព្វផ្សាយដោយ The Sun  បានបង្ហាញតម្លៃខ្លួនកីឡាករខ្សែការពារវ័យ ២២ឆ្នាំខាងលើបានកើនឡើងដល់ ៤៣.៣លានផោន។ ខណៈបើប្រៀបនឹងកីឡាករយុវជន ៣រូបផ្សេងទៀតដែលសុទ្ធសឹងជាកីឡាករបណ្តុះបណ្តាលចេញពីថ្នាល់យុវជនរបស់ Chelsea ផ្ទាល់រួមមាន ខ្សែប្រយុទ្ធជួរមុខ Tammy Abraham ត្រឹមតែ ៣៨.២លានផោន បន្តមកខ្សែបម្រើប្រយុទ្ធ Mason Mount មានតម្លៃខ្លួន ៣៣លានផោន និងចុងក្រោយកីឡាករដែលមានតម្លៃខ្លួនគួរឲ្យកត់សម្គាល់តែត្រូវធ្លាក់ចុះមកវិញដោយសារតែមិនបានបង្ហាញខ្លួនមួយរយៈ ព្រោះការរបួសនោះគឺ Callum Hudson-Odoi នៅត្រឹម ១៨.២លានផោន។

សម្រាប់កីឡាករ Fikayo Tomori ដែលក្រោមការដឹកនាំរបស់លោក Frank Lampard ក្នុងរដូវកាលនេះបានមានឳកាសបង្ហាញខ្លួនសរុប ២២លើក ព្រមទាំងឆ្លៀតរកបាន ២គ្រាប់ផងដែរ។ កីឡាកររូបនេះត្រូវបានតម្លើងមកចូលឈុតធំ Chelsea តាំងពីរដូវកាល២០១៥/២០១៦ ប៉ុន្តែបានដាក់ខ្ចីជើងទៅកាន់ក្លិបនៅក្របខណ្ឌលីគលំដាប់ទី២ អង់គ្លេសជាបន្តបន្ទាប់ ទើបតែវិលត្រឡប់មកវិញក្នុងរដូវកាលនេះ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628