បាល់ទាត់

Zidane ស្នើក្លិបបន្តកិច្ចសន្យាបន្ថែមដល់ Ramos រហូតដល់ពេលចូលនិវត្តន៍នៅ Real Madrid តែម្តង

អ្នកចាត់ការទូទៅប្រចាំក្លិបអធិរាជស Real Madrid លោក Zinedine Zidane បានស្នើទៅដល់ថ្នាក់ដឹកនាំក្លិបក្នុងចេតនាបន្ថែមកិច្ចសន្យា ២ឆ្នាំទៀតទៅដល់ខ្សែការពារ Sergio Ramos ក្នុងគោលបំណងចង់ឲ្យកីឡាកររូបនេះលេងរហូតដល់ពេលចូលនិវត្តន៍នៅទីនោះតែម្តង។

បច្ចុប្បន្នភាពប្រធានក្រុមវ័យ ៣៤ឆ្នាំរូបនេះនៅមានកិច្ចសន្យាជាមួយ Real Madrid ដល់ឆ្នាំ២០២១ ប៉ុន្តែមួយរយៈចុងក្រោយក៏លេចនូវពាក្យចចាមអារ៉ាមថារូបគាត់អាចនឹងចាកចេញក្រោយផុតកិច្ចសន្យានេះនាឆ្នាំក្រោយ ដោយសារតែកត្តាអាយុ។

យ៉ាងណាក្តី! ដើម្បីបញ្ចប់មន្ទិលសង្ស័យពេលនេះលោក Zinedine Zidane បើតាមការចុះផ្សាយពីកាសែតក្នុងប្រទេសអេស្ប៉ាញ បានបង្ហើបឲ្យដឹងថារូបលោកកំពុងស្នើដល់ក្លិប ដើម្បីរៀបចំឯកសារកិច្ចសន្យាថ្មីបន្ថែមដល់ Sergio Ramos ព្រមទាំងបានលើកឡើងអំពីទឹកចិត្តគាត់ផ្ទាល់ចង់ឃើញកីឡាករម្ចាស់អាវលេខ ៤ រូបនេះលេងរហូតដល់ពេលចូលនិវត្តន៍នៅទឹកដី Santiago Bernabeu តែម្តង។

ជាក់ស្តែងក្នុងក្រោយបញ្ចប់ការប្រកួតពី Real Madrid យកឈ្នះលើ Real Mallorca ក្នុងលទ្ធផល ២ទល់០ កាលពីព្រឹកមិញ អ្នកចាត់ការទូទៅសញ្ជាតិបារាំងខាងលើក៏បានលើកឡើងថាផងថាៈ

៉ Sergio Ramos គឺជាប្រធានក្រុមរបស់ពួកយើង។ រូបគេតែងតែបង្ហាញសមត្ថភាពដ៏អស្ចារ្យក្នុងទីលាន។ រូបគេបានស្នាក់នៅទីនេះរាប់ឆ្នាំទៅហើយ ដូច្នេះវាជាការល្អសម្រាប់ Ramos គួរតែចូលនិវត្តន៍នៅទីនេះផ្ទាល់។  ៉ 

រំលឹកឡើងមកវិញបន្តិចកីឡាករកម្ពស់ ១.៨៤ម៉ែត្ររូបនេះ បានចូលរួមជាមួយ Real Madrid តាំងពីរដូវកាល២០០៥/២០០៦ មកទល់បច្ចុប្បន្នបង្ហាញខ្លួនជាង ៦០០ប្រកួត ព្រមទាំងអាចរកបានដល់ជាង ៩០គ្រាប់ ក្នុងនាមជាខ្សែការពារទៀតផង៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628