បាល់ទាត់

កីឡាករ ៥នាក់ដែលញុាំញីដោយរបួសស្ទើរពេញមួយរដូវកាលនៅក្របខណ្ឌ Premier League 19/20

ដោយសារតែរបួសបន្តញុាំញីបានធ្វើឲ្យកីឡាករទាំង ៥រូបខាងក្រោម ដែលរំពឹងថានឹងបង្ហាញសមត្ថភាពបានលេចធ្លោរឲ្យក្លិបរៀងខ្លួន ក្នុងក្របខណ្ឌលីគកំពូលអង់គ្លេសរដូវកាល២០១៩/២០២០ ដោយរួមមានៈ

១. Paul Pogba

កីឡាករចូលចិត្តលេងម៉ូតសក់រូបនេះ ត្រូវបានប្រិយមិត្តជាច្រើនចាត់ទុកជាខ្សែបម្រើល្អមួយក្នុងក្របខណ្ឌ Premier League ក្រោយពីផ្លាស់ត្រឡប់មកសាជាថ្មីចូលរួមជាមួយ Manchester United កាលពីរដូវកាល២០១៦/២០១៧។

ក្នុងរដូវកាលនេះ Paul Pogba បានខកខានបង្ហាញសមត្ថភាពស្ទើរពេញមួយរដូវកាលដោយសាររបួសបន្តរាំរ៉ៃ រហូតមកដល់ក្រោយសម័យកាល COVID-19 ទើបបានបង្ហាញខ្លួនឡើងវិញ។ ពេញមួយរដូវកាល កីឡាករជម្រើសជាតិបារាំងខាងលើបានលេងលើទីលានសរុបតែ ១០ប្រកួតប៉ុណ្ណោះ ក្នុងនោះ ៩ប្រកួតក្នុងក្របខណ្ឌលីគកំពូលអង់គ្លេស។

 

២. Leroy Sane 

កីឡាកររបស់ក្លិប Manchester City រូបនេះ ជាកីឡាករដែលខកខានបង្ហាញសមត្ថភាពស្ទើរតែពេញរដូវកាលទៅហើយ ដោយសាររបួសកាលពីប្រកួតដើមរដូវកាលក្នុងពានបើករដូវកាល FA Community Shield ប៉ះនឹង Liverpool ដោយបង្ហាញខ្លួនបានត្រឹម ១០នាទីក៏ប្តូរចេញ ហើយត្រូវបានសម្រាកពេញរដូវកាលតែម្តង។

Leroy Sane ក្នុងរដូវកាលនេះសរុបបង្ហាញខ្លួនឲ្យក្លិបតែ ២ប្រកួតប៉ុណ្ណោះ និងបច្ចុប្បន្នភាពក៏បានប្រកាសចែកផ្លូវជាមួយ Manchester City ក្រោយបញ្ចប់រដូវកាល ដោយភាគរយខ្ពស់នឹងទៅចូលរួមជាមួយ FC Bayern Munich នៅប្រទេសកំណើតអាល្លឺម៉ង់។

 

៣. Ruben Loftus-Cheek 

កីឡាករវ័យជំទង់ ២៤ឆ្នាំរបស់ក្លិបតោខៀវ Chelsea បានរងរបួសក្នុងការប្រកួតមិត្តភាពនាទឹកដីសហរដ្ឋអាមេរិកប៉ះនឹងក្លិប New England Revolution តាំងពីរដូវកាលមុនក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅចាស់លោក Maurizio Sarri មកម្ល៉េះ។

ឈានរហូតមកដល់ក្រោយសកម្មភាបាល់ទាត់ត្រឡប់មកវិញបន្ទាប់ពីឈប់មួយរយៈព្រោះជំងឺ COVID-19 ស្ថិតនៅក្រោមការដឹកនាំពីអ្នកចាត់ការទូទៅថ្មីលោក Frank Lampard ទើបតែបង្ហាញខ្លួន ១លើកប៉ុណ្ណោះនារដូវកាលនេះ។ ជារួមបើកុំតែស្ថានភាពនៃការបង្ការជំងឺរាតត្បាត មានន័យថា Ruben Loftus-Cheek ស្ទើរតែគ្មានឳកាសបង្ហាញសមត្ថភាពលើទីលានក្នុងរដូវកាល២០១៩/២០២០ តែម្តង។

 

៤. Naby Keita

សមាជិកក្រុមជើងឯកលីគកំពូលអង់គ្លេស កីឡាករ Naby Keita ក៏ស្ថិតនៅក្នុងបញ្ជីកីឡាកររបួសរ៉ាំរ៉ៃម្នាក់ផងដែរ ដ្បិតក្នុងរដូវកាលនេះក៏បានបង្ហាញខ្លួនសរុប ២០ប្រកួតក៏ដោយ។

រំលឹកបន្តិចថាចាប់តាំងពីផ្ទេរមកពី RB Leipzig ២រដូវកាលកន្លងមក រូបគេឧស្សាហ៍ជួបប្រទះនឹងបញ្ហារបួសជាញឹកញាប់។ ទាំងនេះជាបញ្ហាចោទមួយដែលកីឡាករសញ្ចាតិហ្គីណេរខាងលើ កាន់តែខកខានឳកាសបង្ហាញសមត្ថភាពដល់អ្នកគាំទ្រ Liverpool ។

 

៥. David Brooks 

យុវជនជម្រើសវែលរូបនេះ ជាកីឡាករបង្ហាញសមត្ថភាពលេចធ្លោរម្នាក់នៃក្លិប AFC Bournemouth ខណៈនារដូវកាលមុន២០១៨/២០១៩ បានផ្ទេរមកពីក្លិប Sheffield United ហើយបានជាប់ក្នុងជម្រើសដំបូងជានិច្ច។

តែសំណាងអាក្រក់ក្នុងការប្រកួតមិត្តភាពដើមរដូវកាលតទល់នឹងក្លិប Brentford FC កីឡាករវ័យទើប​ ២២ឆ្នាំខាងលើបានរងរបួស និងត្រូវសម្រាកព្យាបាលអស់ពេល ៨ខែ ទើបតែអាចវិលត្រឡប់មកហ្វឹកហាត់ជាមួយក្រុមឡើងវិញ ប៉ុន្តែពេញមួយរដូវកាលនេះ David Brooks ពុំទាន់មានឳកាសបង្ហាញសមត្ថភាពដល់ទស្សនិកជនសូម្បី ១លើកឡើយ៕

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628