បាល់ទាត់

ក្រោយភ្លៀងមេឃស្រឡះ! លោក Shin Tae-Yong បន្តដឹកនាំជម្រើសជាតិឥណ្ឌូនេស៊ីទៅមុខទៀត

លោកគ្រូបង្វឹកនៃក្រុមជម្រើសជាតិឥណ្ឌូនេស៊ី Shin Tae-Yong ប៉ុន្មានសប្តាហ៍ចុងក្រោយនេះបានបង្កើតការចាប់អារម្មណ៍ជាខ្លាំង ដោយការបាញ់បោះពាក្យសម្តីឌឺដងគ្នាទៅវិញទៅមកជាមួយខាងមន្ត្រី រួមទាំងប្រធានសមាគមបាល់ទាត់ឥណ្ឌូនេស៊ី (PSSI) ផងដែរនោះ។ យ៉ាងណា! ពេលនេះអ្វីៗ ត្រូវបានដោះស្រាយជាស្ថាពរ។

ការបោះពាក្យសម្តីឌឺដង រិះគន់គ្នាទៅវិញទៅមករហូតដល់លេចនូវពាក្យចចាមអារ៉ាមថាអាចនឹងឈានដល់ការផ្តាច់កិច្ចសន្យាការងារពីសំណាក់សមាគមបាល់ទាត់ឥណ្ឌូនេស៊ី (PSSI) ទៅចំពោះលោក Shin Tae-Yong ទៀតផងនោះ ត្រូវបានដោះស្រាយរួចរាល់ និងបញ្ចប់មន្ទិលសង្ស័យពីអ្នកគាំទ្រ។ ការដោះស្រាយបានកើតឡើង បន្ទាប់ពីគ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូងរូបនេះបានប្រើប្រាស់កម្មវិធីវីឌីអូតាមប្រព័ន្ធអ៊ីនធើណែត (Online Video) ជួបជាមួយមន្ត្រីប៉ុន្មានរូប និងប្រធានសមាគមបាល់ទាត់ឥណ្ឌូនេស៊ី។

តាមរយៈការចុះផ្សាយភាគីទាំងសងខាងបានពិភាក្សាគ្នាដោះស្រាយ និងសម្របសម្រួលគ្នាដើម្បីបញ្ចប់ជម្លោះពាក្យសម្តីដែលត្រូវបានគេចុះផ្សាយព្រោងព្រៀតប៉ុន្មានសប្តាហ៍មកនេះ ខណៈអតីតគ្រូបង្វឹកជម្រើសជាតិកូរ៉េខាងត្បូងក្នុងសម័យកាល FIFA World Cup ឆ្នាំ២០១៨ កន្លងទៅថ្មីៗ ខាងលើក៏សម្រេចថានឹងបន្តដឹកនាំក្រុមជម្រើសជាតិឥណ្ឌូនេស៊ីតទៅមុខទៀត។

ចំពោះលោក Shin Tae-Yong នៅបន្តមានភារកិច្ចក្នុងការជួយជ្រោមជ្រែងជម្រើសជាតិឥណ្ឌូនេស៊ីទាំងឈុតធំ ដែលត្រូវត្រៀមខ្លួនប្រកួតបង្ហើយក្នុងដំណើរជម្រុះទៅកាន់ FIFA World Cup 2022 និង AFC Asian Cup 2023 និងត្រៀមខ្លួនចូលរួមពានរង្វាន់ AFF Suzuki Cup ឆ្នាំ២០២០ នាចុងឆ្នាំ។ បន្ថែមពីនេះទៀតសោត ក៏បន្តភារកិច្ចដឹកនាំឈុត U19 ឥណ្ឌូនេស៊ីទៀតផង ក្នុងកៅអីព្រឹត្តិការណ៍ AFC U19 Championship ហើយក៏ត្រៀមលក្ខណៈសម្បត្តិក្នុងនាមជាម្ចាស់ផ្ទះព្រឹត្តិការណ៍ FIFA U20 World Cup ឆ្នាំ២០២១ ដដែល។

គួរបញ្ជាក់ផងថា បច្ចុប្បន្នលោក Shin Tae-Yong កំពុងស្នាក់នៅប្រទេសកំណើតកូរ៉េខាងត្បូង ដោយពុំទាន់ធ្វើដំណើរមកប្រទេសឥណ្ឌូនេស៊ីឡើយ ព្រោះសម្អាងមូលហេតុនៃជំងឺរាតត្បាត COVID-19 ដែលនេះជាមូលហេតុចម្បងធ្វើឲ្យកន្លងមកមានការរិះគន់ពីក្រុមមន្ត្រីក្នុងសមាគមបាល់ទាត់ឥណ្ឌូនេស៊ី (PSSI) អំពីរបៀបធ្វើការរបស់គាត់៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628