បាល់ទាត់

AFC U19: Brighton & Hove Albion អនុញ្ញាតឲ្យយុវជនមួយរូបមកជួយ ប្រសិនបើម៉ាឡេស៊ីត្រូវការ

កីឡាករកូនកាត់អង់គ្លេស-ម៉ាឡេស៊ី Jaami Qureshi ត្រូវបានក្លិបនៅលីគកំពូលអង់គ្លេស Brighton & Hove Albion FC អនុញ្ញាតឲ្យរូបគេអាចមានលទ្ធភាពក្នុងការចូលរួមជួយជម្រើសជាតិម៉ាឡេស៊ីឈុត U19 ក្នុងពានរង្វាន់ AFC U19 Championship នាពេលខាងមុខ ប្រសិនបើមានការកោះហៅពីសមាគមបាល់ទាត់ម៉ាឡេស៊ី (FAM) និងសាមីខ្លួនយល់ព្រម។

គួរឲ្យដឹងថាយុវជន Jaami Qureshi គឺជាកីឡាករកូនកាត់ដោយមានឪពុកជាជនជាតិអង់គ្លេស និងម្តាយជាជនជាតិម៉ាឡេស៊ី ប៉ុន្តែរូបគេបានកើត និងធំធាត់នៅប្រទេសអង់គ្លេសតែម្តង។

យោងតាមការចុះផ្សាយរបស់កាសែតម៉ាឡេស៊ី Vocketfc បានបង្ហាញអំពីការសម្ភាសន៍ជាមួយឪពុករបស់កីឡាករខាងលើផ្ទាល់ បានឲ្យដឹងថា ក្លិបដែលកំពុងឈរលេខរៀងទី១៥ នៃតារាងលីគ Premier League ខាងលើ រង់ចាំអនុញ្ញាតជានិច្ចប្រសិនបើមានការស្នើត្រឹមត្រូវពីខាងសមាគមបាល់ទាត់ម៉ាឡេស៊ី (FAM) ព្រមទាំងសាមីខ្លួនកីឡាករយល់ព្រមពិតជាចង់ទៅជួយជម្រើសជាតិម៉ាឡេស៊ី U19 នាពេលខាងមុខប្រាកដមែន។

បញ្ជាក់ផងថាកន្លងមក Jaami Qureshi ក៏ធ្លាប់មានឳកាសបានលេងឲ្យក្រុមជម្រើសជាតិអង់គ្លេសឈុត U15 ផងដែរ ប៉ុន្តែក្រោយអាយុកើនឡើងក៏ពុំមានការចាប់អារម្មណ៍ពីខាងជម្រើសជាតិអង់គ្លេសទៀត ប៉ុន្តែបច្ចុប្បន្នភាពរូបគេអាចស្នើទៅជ្រើសរើសលេងឲ្យជម្រើសជាតិម៉ាឡេស៊ីបានផងដែរ តាមរយៈកាន់សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) ដោយសម្អាងហេតុផលម្តាយជាជនជាតិម៉ាឡេស៊ី។

ក្រឡេកមើលជម្រើសជាតិម៉ាឡេស៊ី U19 ក្នុងព្រឹត្តិការណ៍ AFC U19 Championship ស្ថិតនៅក្នុងពូល D រួមជាមួយ យ៉េមែន តាជីគីស្ថាន និងកាតា៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628