បាល់ទាត់

អារ៉ាប់រួម តែងតាំងគ្រូបង្វឹកថ្មីមានបទពិសោធន៍ដឹកនាំជិត ៤០ឆ្នាំ

សមាគមបាល់ទាត់អារ៉ាប់រួម (UAE) បានប្រកាសតែងតាំងគ្រូបង្គោលជម្រើសជាតិឈុតធំថ្មី ដែលមានបទពិសោធន៍ដឹកនាំទាំងក្លិប និងជម្រើសជាតិជិត ៤០ឆ្នាំ មកហើយពោលគឺលោក Jorge Luis Pinto ដែលមានសញ្ជាតិកូឡុំប៊ី។

បុរសវ័យ ៦៧ឆ្នាំរូបនេះបានប្រកាសចុះកិច្ចសន្យាដឹកនាំក្រុមជម្រើសជាតិអារ៉ាប់រួម ក្នុងរយៈពេល ២ឆ្នាំ ជាមួយនឹងគោលដៅជួយឲ្យបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០២២ និង AFC Asian Cup ឆ្នាំ២០២៣ ។

លោក Jorge Luis Pinto បានចាប់ផ្តើមអាជីពដឹកនាំដំបូងតាំងពីឆ្នាំ១៩៨៤ ជាមួយបទពិសោធន៍ដឹកនាំក្លិបក្នុងប្រទេសកំណើតកូឡុំប៊ី និងក្លិបតាមបណ្តាប្រទេសដទៃទៀតរាប់ស្ទើមិនអស់។ តែបើក្រឡេកក្នុងបទពិសោធន៍ជម្រើសជាតិវិញ រូបគាត់ធ្លាប់ដឹកនាំ កូស្ត្រារីកា ២លើក កូំឡុំប៊ី ២លើក និងហុងឌុយរ៉ាស់ ១លើកផងដែរ។​

ប្រវត្តិដឹកនាំជម្រើសនេះទៀតសោតល្អបំផុតក្រោមស្នាដៃលោក គឺការជួយកូស្ត្រារីកា ក្នុងព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០១៤ នៅប្រទេសប្រេស៊ីល។ គ្រានោះ កូស្ត្រារីកា ដែលត្រូវគេចាត់ទុកស្ថិតនៅក្នុងពូលមរណៈ ប៉ុន្តែក្រោមការដឹកនាំរបស់លោកបែរជាអាចឆ្លងផុតដោយប្រកួតដំបូងឈ្នះ អ៊ុយរ៉ាហ្គាយ ៣ទល់១ បន្តឈ្នះ អ៊ីតាលី ១ទល់០ និងចុងក្រោយស្មើរនឹង អង់គ្លេស ០ទល់០ ។ ឡើងដល់វគ្គ ១៦ក្រុមចុងក្រោយបានយកឈ្នះលើ ក្រិក ក្នុងការទាត់បាល់កាត់សេចក្តី១១ម៉ែត្រថែមទៀត មុននឹងធ្លាក់វគ្គ ៨ក្រុមដោយ ហូឡង់ ។ លទ្ធផលមួយនេះក៏ត្រូវចារ្យជាកំណត់ត្រាល្អបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ប្រទេសកូស្ត្រារីកាទៀតផង។

ក្រឡេកមើលភារកិច្ចថ្មីរបស់លោក Jorge Luis Pinto ក្នុងការដឹកនាំជម្រើសជាតិអារ៉ាប់រួម ដែលបច្ចុប្បន្នកំពុងឈរលេខរៀងទី៤ ក្នុងតារាងពូល G ដែលប្រកួតជម្រុះ ៤លើកកន្លងមក ឈ្នះ ២លើក និងចាញ់ ២លើក ហើយនៅពីក្រោម វៀតណាម ម៉ាឡេស៊ី និងថៃ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628