បាល់ទាត់

ក្រុមប្រឹក្សាតំបន់ Tai Po ស្នើបញ្ចូលក្លិបពាក់កណ្តាលអាជីពក្នុងលីគកំពូលហុងកុងរដូវកាលនេះ

បន្ទាប់ពីក្លិបជើងឯកលីគកំពូលហុងកុងរដូវកាលចាស់ Tai Po FC បានប្រកាសដកខ្លួនចេញក្នុងរដូវកាលនេះជាផ្លូវការ ដោយសារវិបត្តិសេដ្ឋកិច្ចព្រោះជំងឺរាតត្បាត COVID-19 ក្រុមប្រឹក្សាតំបន់ Tai Po បានកំពុងសិក្សាលទ្ធភាពស្នើបញ្ចូលក្រុម ឬក្លិបពាក់កណ្តាលអាជីពផ្សេងទៀតចូលរួមជំនួស។

ព័ត៌មានដ៏គួរឲ្យចាប់អារម្មណ៍នេះបានកើតឡើងបន្ទាប់ពីក្រុមប្រឹក្សាតំបន់ Tai Po បានជួបពិភាក្សាជាមួយតំណាងសមាគមបាល់ទាត់ហុងកុង (HKFA) ។ គួរបញ្ជាក់ផងថា Tai Po គឺជាតំបន់រដ្ឋបាលមួយក្នុងចំណោមតំបន់រដ្ឋបាលទាំង ១៨ ក្នុងប្រទេសហុងកុង។

តាមការលើកឡើងរបស់លោក Wu Yiu-Cheong សមាជិកក្រុមប្រឹក្សាតំបន់ខាងលើ បានឲ្យដឹងថាពិតជាសោកស្តាយចំពោះការដកខ្លួនរបស់ក្លិប Tai Po FC ដែលជាក្លិបអាជីពតែមួយគត់នៅក្នុងតំបន់រដ្ឋបាលរបស់លោកគ្រប់គ្រង ហើយក៏ជាក្លិបតែមួយគត់តំណាងឲ្យតំបន់នេះអាចឈ្នះពានលីគកំពូលហុងកុងកាលពីរដូវកាលមុននេះតែម្តង។

តាមមូលហេតុនេះ ក្រុមប្រឹក្សាតំបន់ Tai Po មានគោលបំណងបញ្ចូនក្រុម/ក្លិបពាក់កណ្តាលអាជីពផ្សេងទៀត ដែលអាចរួមមានកីឡាករស្ម័គ្រចិត្ត ឬមានជំនួយឧបត្ថម្ភពីខាងរដ្ឋបាលតំបន់ដើម្បីចូលរួមក្នុងលីគកំពូលហុងកុង ដោយប្រើប្រាស់ឈ្មោះ Tai Po ដដែល ដើម្បីជាការលើកមុខមាត់ និងបន្តកេរ្តិ៍ឈ្មោះតំបន់លើវិស័យបាល់ទាត់ក្នុងប្រទេស។

យ៉ាងណាក្តី! បុរសខាងលើដដែលក៏បានអះអាងថា បច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលពិភាក្សាជាមួយតំណាងសមាគមបាល់ទាត់ហុងកុង (HKFA) និងបន្តធ្វើការសិក្សាក្នុងជួរក្រុមប្រឹក្សាបន្ថែមទៀត ដោយអាចនឹងមានលទ្ធភាពប្រើប្រាស់កីឡាករសញ្ជាតិហុងកុងផ្ទាល់ ចេញពីក្លិប Tai Po FC មួយចំនួនផងដែរ។

គួររំលឹកផងថា Tai Po FC គឺជាក្លិបការពារតំណែងជើងឯកលីគកំពូលហុងកុង ប៉ុន្តែដោយសារវិបត្តិសេដ្ឋកិច្ចបណ្តាលមកពី COVID-19 ក៏បានប្រកាសដកខ្លួនចេញពីលីគជាស្ថាពរ។ ទន្ទឹមនឹងក្លិបនេះ ក៏មានក្លិបចំនួន ៣ផ្សេងទៀតរួមមាន Yeun Long FC , Hong Kong Rangers និង Pegasus FC ផងដែរសុទ្ធសឹងដកខ្លួនព្រោះមូលហេតុដូចគ្នា។ ខណៈទល់ពេលនេះ លីគកំពូលហុងកុងមានក្លិបតែ ៦ ប៉ុណ្ណោះរង់ចាំការបើកដំណើរការលីគឡើងវិញបន្តការប្រកួតប្រជែង៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628