បាល់ទាត់

រដ្ឋាភិបាលកូរ៉េខាងត្បូង អនុញ្ញាតឲ្យមានអ្នកគាំទ្រចូលទស្សនា ៤០% ក្នុងមួយកីឡដ្ឋាន

អ្នកគាំទ្របាល់ទាត់នៅប្រទេសកូរ៉េខាងត្បូង មានទឹកមាត់លេបឡើងវិញក្រោយពីរដ្ឋាភិបាលបានប្រកាសអនុញ្ញាតឲ្យមានការបើកកីឡដ្ឋានដល់អ្នកគាំទ្រចូលទស្សនាឡើងវិញ ដ្បិតកំណត់ត្រឹមចំនួន ៤០% នៃកីឡដ្ឋានរៀបចំការប្រកួតនីមួយៗ ក្តី។

ក្នុងថ្ងៃនេះរដ្ឋាភិបាលកូរ៉េខាងត្បូងបានអនុញ្ញាតឲ្យការប្រកួតក្នុងគ្រប់ក្របខណ្ឌបាល់ទាត់លីគអាជីពកូរ៉េខាងត្បូង (K League) ត្រៀមបើកកីឡដ្ឋានរៀងៗ ខ្លួនឡើងវិញដើម្បីទទួលស្វាគមន៍អ្នកគាំទ្រឲ្យចូលទស្សនា ប៉ុន្តែត្រូវអនុវត្តន៍តាមគោលការណ៍ក្រសួងសុខាភិបាលឲ្យបានត្រឹមត្រូវ ពោលគឺមានការកំណត់ចំនួនត្រឹម ៤០% នៃកីឡដ្ឋាននីមួយៗ ព្រមទាំងមានការពិនិត្យពីវេជ្ជបណ្ឌិតក្នុងកីឡដ្ឋានដល់អ្នកគាំទ្រគ្រប់គ្នាឲ្យបានម៉ត់ចត់មុនចូលទស្សនាទៀតផង។

បើក្រឡេកមើលក្នុងលីគកំពូលកូរ៉េខាងត្បូងបានចាប់ផ្តើមដំណើរការឡើងវិញប៉ុន្មានសប្តាហ៍មកហើយ ប៉ុន្តែការប្រកួតបានប្រព្រឹត្តទៅដោយគ្មានអ្នកចូលទស្សនា មកទល់ពេលនេះបានប្រកួតសរុបដល់សប្តាហ៍ទី៩ ។ យ៉ាងណា! ចាប់ពីសប្តាហ៍ទី១១ តទៅអ្នកគាំទ្រនឹងអាចចូលរួមទស្សនាផ្ទាល់ ប៉ុន្តែការជាវសំបុត្រត្រូវតាមប្រព័ន្ធអ៊ីនធើណែត (online) ។

ការអនុវត្តវិធានការខាងលើ គឺដោយសារតែកាលៈទេសៈនៃជំងឺរាតត្បាត COVID-19 ខណៈប្រទេសជប៉ុន ក៏បានប្រកាសពីប៉ុន្មានថ្ងៃមុនអនុញ្ញាតឲ្យអ្នកគាំទ្រចូលទស្សនាក្នុងកីឡដ្ឋានបាន ៥ពាន់នាក់ផងដែរ។

បច្ចុប្បន្នភាព កូរ៉េខាងត្បូង មានទិន្នន័យអ្នកកើតជំងឺ COVID-19 សរុបជាង ១.២មុឺននាក់ ប៉ុន្តែបានព្យាបាលសះស្បើយប្រមាណជាង ១.១មុឺននាក់ទៅហើយ៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628