បាល់ទាត់

បារ៉ែន ណាត់ប្រកួតមិត្តភាពទល់ ម៉ាឡេស៊ី មុនទទួល កម្ពុជា ជើងទី២ ជម្រុះវើលខាប់

ក្រុមជម្រើសជាតិបារ៉ែន នឹងធ្វើការប្រកួតមិត្តភាពតទល់នឹងក្រុមជម្រើសជាតិម៉ាឡេស៊ី ដើម្បីសាកល្បងសមត្ថភាពកីឡាករ និងទម្រង់លេង ដែលជាការត្រៀមខ្លួនមុនប្រកួតផ្លូវការនៃដំណើរជម្រុះ FIFA World Cup 2022 និង AFC Asian Cup 2023 មកដល់។

តាមការសម្រេចរវាងក្រុមជម្រើសជាតិទាំងទ្វេខាងលើ ការប្រកួតមិត្តភាពនឹងរៀបចំឡើងនៅទីក្រុង Manama ប្រទេសបារ៉ែនផ្ទាល់ ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ ខាងមុខ។

ម្ចាស់ផ្ទះបារ៉ែន នឹងទទួលស្វាគមន៍ ម៉ាឡេស៊ី ក្នុងជំនួបមិត្តភាពរួចរាល់ និងបន្តភារកិច្ចរង់ចាំស្វាគមន៍ជម្រើសជាតិគោព្រៃកម្ពុជា ដែលជាការប្រកួតជើងទី២ នៃវគ្គជម្រុះជុំទី២ ពូល C នៃតំបន់អាស៊ីឆ្ពោះទៅកាន់ FIFA World Cup ឆ្នាំ២០២២ និង AFC Asian Cup ឆ្នាំ២០២៣ ខណៈជើងទី១ នាពហុកីឡដ្ឋានជាតិអូឡាំពិក បានយកឈ្នះលើកម្ពុជាយើង ១ទល់០ ។

ចំណែកឯម៉ាឡេស៊ី វិញបន្ទាប់ពីជួបមិត្តភាពនៃការប្រកួតនេះរួចរាល់ ក៏បន្តដំណើរទៅជួបម្ចាស់ផ្ទះអារ៉ាប់រួម ក្នុងដំណើរការប្រកួតផ្លូវការដូចគ្នា តែស្ថិតនៅក្នុងពូល G ។ ដោយឡែកជើងទី១ ម៉ាឡេស៊ី ក្នុងនាមជាម្ចាស់ផ្ទះគ្រានោះបានចាញ់ អារ៉ាប់រួម ក្នុងលទ្ធផល ១ទល់២ ។

ការប្រកួតផ្លូវការក្នុងដំណើរឆ្ពោះទៅកាន់ FIFA World Cup ឆ្នាំ២០២២ និង AFC Asian Cup ឆ្នាំ២០២៣ នឹងរៀបចំនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ ៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628