បាល់ទាត់

មកដឹងតម្លៃខ្លួនកីឡាករវ័យចាស់ជាងគេបំផុតក្នុងពិភពលោក កំពុងលេងនៅលីគជប៉ុន

មានប្រិយមិត្តមួយចំនួនប្រហែលជាបានស្គាល់រួចមកហើយ និងមួយចំនួនទៀតប្រហែលជាពុំធ្លាប់លើឈ្មោះ King Kazu ដែលជារហ្សនាមរបស់កីឡាករបាល់ទាត់វ័យចាស់ជាងគេបំផុតក្នុងពិភពលោក Kazuyoshi Miura បច្ចុប្បន្នមានវ័យជាង ៥០ប្លាយទៅហើយ តែនៅប្រកបអាជីពនៅឡើយក្នុងប្រទេសជប៉ុន។

ខ្សែប្រយុទ្ធសញ្ជាតិជប៉ុនខាងលើ សព្វថ្ងៃមានអាយុ ៥៣ ឆ្នាំ និងកំពុងប្រកបអាជីពនៅក្លិប Yokohama FC ស្ថិតនៅក្នុងក្របខណ្ឌលីគលំដាប់ទី ២ ជប៉ុន។ កីឡាករកើតនៅក្នុងឆ្នាំ ១៩៦៧ រូបនេះនៅមានកិច្ចសន្យាជាមួយក្លិបមានសពុលភាពរហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ ឯណោះ។

Kazuyoshi Miura ឬត្រូវហៅខ្លី King Kazu ដែលជារហ្សនាមត្រូវបានគេផ្តល់ឲ្យ ដោយផ្អែកលើកត្តាអាយុនាំឲ្យរូបគាត់ក្លាយជាកីឡាករបាល់ទាត់អាជីពមានវ័យចាស់ជាងគេបំផុតក្នុងពិភពលោក។

ក្នុងរដូវកាលចុងក្រោយបង្អស់ឆ្នាំ២០១៩ កីឡាករលេងក្នុងតំំណែងខ្សែប្រយុទ្ធរូបនេះក៏មានឳកាសបង្ហាញខ្លួនលើទីលានចំនួន ៣ ប្រកួតផងដែរ។ ខណៈការប្រកួតចុងក្រោយបង្អស់របស់គាត់តាំងពីខែមេសា ឆ្នាំ២០១៩ ដោយបង្ហាញខ្លួនបាន ៥៣ នាទី។

ដ្បិតមានអាយុចាស់ទៅហើយក្តី! Kazuyoshi Miura នៅមានតម្លៃខ្លួនដោយដកស្រង់ចេញពី Transfermarkt ប្រមាណជិត ១០មុឺនអឺរ៉ូ។ យ៉ាងណា! រូបគាត់បានរួមរស់ជាមួយក្លិប Yokohama FC អស់រយៈពេលជាង ១៥ ឆ្នាំមកហើយបន្ទាប់ពីផ្លាស់មកពីក្លិប Sydney FC នៅលីគកំពូលអូស្ត្រាលី តាំងពីឆ្នាំ២០០៦។

គួររំលឹកបន្តិចផងថា កីឡាករម្ចាស់អាវលេខ ១១ ខាងលើបានចាប់ផ្តើមអាជីពដំបូងតាំងពីឆ្នាំ១៩៩០ រហូតមកទល់ពេលនេះ ដោយធ្លាប់លេងនៅលីគកំពូលជប៉ុន លីគកំពូលអ៊ីតាលី លីគកំពូលក្រូអាត និងលីគកំពូលអូស្រ្តាលី។ ក្នុងជម្រើសជាតិជប៉ុនផ្ទាល់ ក៏ធ្លាប់បង្ហាញខ្លួនពីឆ្នាំ១៩៩០ ដល់ឆ្នាំ២០០០ សរុប ៨៩ លើក និងរកបាន ៥៥គ្រាប់៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628