បាល់ទាត់

មកស្គាល់ក្លិបមានអាយុកាលចាស់ជាងគេបំផុតនៅក្នុងពិភពលោក ស្ថិតនៅប្រទេសអង់គ្លេស

ក្រុមការងារ VEHA Media ក្នុងពេលនេះសូមណែនាំប្រិយមិត្តឲ្យស្គាល់ក្រុមបាល់ទាត់ដែលបានបង្កើតទៅជាក្លិបបាល់ទាត់អាជីពមុនគេបំផុតនៅក្នុងពិភពលោកគឺ Sheffield FC ដែលស្ថិតនៅក្នុងប្រទេសអង់គ្លេស និងមានអាយុកាល ១៦២ ឆ្នាំមកហើយ។

Sheffield FC ត្រូវបានបង្កើតឡើងជាក្លិបអាជីពបាល់ទាត់មុនគេក្នុងពិភពលោកនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ១៨៥៧ គិតមកទល់សព្វថ្ងៃមានអាយុកាល ១៦២ ឆ្នាំ។ បច្ចុប្បន្នក្លិបមួយនេះកំពុងឈរជើងនៅក្នុងក្របខណ្ឌលីគលំដាប់ទី៧ នៃប្រទេសអង់គ្លេស។

ក្លិបមានវ័យចំណាស់ជាងគេបំផុតក្នុងលោកមួយនេះ ​​ត្រូវបានផ្តួចផ្តើមគំនិតបង្កើតឡើងដោយសហស្ថាបនិក ២ រូបរួមមានលោក Nathaniel Creswick និង William Pres ដែលពួកគេទាំងទ្វេ ក៏ជាកីឡាករផងដែរនាគ្រានោះ។

 

ដ្បិតបង្កើតឡើងរយៈពេលយូរ ប៉ុន្តែក្លិបមួយនេះពុំសូវបានកសាងកេរ្តិ៍ឈ្មោះល្បីល្បាញដូចគូប្រជែងក្នុងតំបន់ជាមួយគ្នា Sheffield United FC ដែលកំពុងលេងនៅក្របខណ្ឌលីគកំពូលអង់គ្លេសនោះឡើយ។ សូម្បីតែទីលានប្រកួតផ្ទាល់ប្រចាំក្លិបអាចផ្ទុកអ្នកទស្សនាបានត្រឹមជាង ២ ពាន់នាក់ប៉ុណ្ណោះ។

កំណត់ត្រាល្អៗ បំផុតរបស់ក្លិប Sheffield FC ធ្លាប់ឡើងដល់វគ្គ ៤ ក្រុមចុងក្រោយនៃពានរង្វាន់ FA Cup ក្នុងឆ្នាំ១៨៧៨ និងឆ្នាំ១៨៩០។ ក្រៅពីនេះចំពោះពានរង្វាន់ធំៗ ក្លិបខាងលើពុំដែលទទួលបាននោះឡើយ តែធ្លាប់ឈ្នះពានរង្វាន់ក្នុងតំបន់ និងពានរង្វាន់តូចៗ មួយចំនួន៕

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628