បាល់ទាត់

Klopp មានបំណងចូលនិវត្តន៍ ក្រោយបញ្ចប់ការដឹកនាំ Liverpool នៅឆ្នាំ២០២៤

អ្នកចាត់ការទូទៅរបស់ក្លិបហង្សក្រហម Liverpool លោក Jurgen Klopp បានបង្ហើបអំពីគម្រោងចូលនិវត្តន៍នៅក្នុងឆ្នាំ២០២៤ ពោលក្រោយអស់សពុលភាពនៃកិច្ចសន្យាការងារជាមួយក្លិបអង់គ្លេសនេះតែម្តង។

បុរសទើបជួយឲ្យ Liverpool ឈ្នះជើងឯកលីគកំពូលអង់គ្លេស ក្រោយខកខានអស់រយៈពេល ៣០ ឆ្នាំមកហើយរូបនេះ បានបកស្រាយពន្យល់អំពីគំនិតរបស់លោកផ្ទាល់ក្នុងកិច្ចសម្ភាសន៍មួយឲ្យដឹងថាៈ

៉ នៅពេលខ្ញុំក្លាយជាអ្នកដឹកនាំក្លិបដំបូង (អាយុ ៣៣ ឆ្នាំ) ខ្ញុំបានសន្យាខ្លួនឯងថា យ៉ាងយូរគឺចំណាយពេលដឹកនាំក្លិបរយៈពេល ២៥ ឆ្នាំ។ ខ្ញុំបានចំណាយពេលជាង ៧ ឆ្នាំនៅ Mainz 05 បន្តរយៈពេល ៧ ឆ្នាំទៀតនៅ Borussia Dortmund និងរហូតដល់ឆ្នាំ២០២៤ ខ្ញុំបានចំណាយពេលសរុប ២៣ ឆ្នាំកន្លះ។ ដូច្នេះខ្ញុំគ្មានគម្រោងចង់បន្តអាជីពទៀតឡើយ។ ខ្ញុំសង្ឃឹមថាដល់ពេលវេលានោះ ខ្ញុំនៅតែអាចមានសុខភាពល្អ។   ៉ 

រំលឹកទៅអតីតកាល Jurgen Klopp បានចាប់ផ្តើមអាជីពដឹកនាំដំបូងនៅក្លិប Mainz 05 កាលពីឆ្នាំ២០០១ បានជួយឲ្យឡើងពីលីគទី២ ទៅកាន់លីគកំពូលអាល្លឺម៉ង់ឆ្នាំ២០០៤។ រហូតដល់ឆ្នាំ២០០៨ ក៏បានផ្ទេរទៅដឹកនាំក្លិប Borussia Dortmund ដោយនៅទីនោះបានឈ្នះលីគកំពូលអាល្លឺម៉ង់ ២ សម័យកាល ពានខាប់ ១ សម័យកាល និងពានបើករដូវកាល ២ លើកផងដែរ។

ចុងក្រោយរូបគាត់បានផ្ទេរមកដឹកនាំ Liverpool ដែលជាការបង្ហាញអំពីសមត្ថភាព និងកសាងកេរ្តិ៍ឈ្មោះកាន់តែល្បីល្បាញតាមរយៈសមិទ្ធផលដូចជា ជើងឯករងលីគកំពូលអង់គ្លេសរដូវកាលមុន និងជើងឯកលីគកំពូលអង់គ្លេសរដូវកាលនេះផ្ទាល់ , UEFA Champions League , UEFA Super Cup និង FIFA Club World Cup ។ បច្ចុប្បន្នភាពបុរសវ័យ ៥៣ ឆ្នាំខាងលើនៅសល់កិច្ចសន្យាជាមួយ Liverpool ដល់ឆ្នាំ២០២៤ ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628