បាល់ទាត់

Rivaldo: មិនមែនមានតែអ្នកគាំទ្រទេ សូម្បីគាត់ក៏ចង់ឃើញ Messi និង Ronaldo លេងនៅក្រុមតែមួយដែរ

វីរៈបុរសបាល់ទាត់នៃក្រុមជម្រើសជាតិប្រេស៊ីល លោក Rivaldo បានបញ្ចេញមតិផ្ទាល់ខ្លួនចង់ឃើញកំពូលកីឡាករកម្រិតពិភពលោកទាំងពីររូបបច្ចុប្បន្នរួមមាន Lionel Messi និង Cristiano Ronaldo លេងក្នុងក្រុមជាមួយគ្នា។ 

ពាក់ព័ន្ធនឹងមួយរយៈចុងក្រោយនេះបានលេចលឺនូវព័ត៌មានស្ទើរទូទាំងពិភពលោកចុះផ្សាយអំពីចេតនាចាកចេញរបស់កីឡាករម្ចាស់ពាន Ballon d’Or ៦ សម័យកាល Lionel Messi អាចនឹងចាកចេញពីក្លិបយក្សអេស្ប៉ាញ FC Barcelona នារដូវកាលបន្ទាប់ ដោយលទ្ធភាពខ្ពស់អាចនឹងទៅចូលរួមជាមួយក្លិបសេះបង្កង់ Juventus  ខណៈមានកីឡាករកំពូល Cristiano Ronaldo កំពុងប្រកបអាជីពនៅទីនោះស្រាប់។

ពាក់ព័ន្ធនឹងពាក្យចចាមអារ៉ាមខាងលើ លោក Rivaldo អតីតកីឡាករជួយជម្រើសជាតិប្រេស៊ីលលើកពាន FIFA World Cup ឆ្នាំ២០០២ រូបនេះបានបញ្ចេញមតិដូចតទៅៈ

៉ ខ្ញុំជឿជាក់ថាមនុស្សជាច្រើនក្នុងពិភពលោកកំពុងសុបិនចង់ឃើញកីឡាករទាំង ២ នាក់ Lionel Messi និង Cristiano Ronaldo លេងជាមួយគ្នាក្នុងនាមជាមិត្តរួមក្រុមនៅក្លិប Juventus ។ ប្រសិនបើវាអាចកើតឡើងប្រាកដមែននោះ វាប្រៀបដូចជាគ្រាប់បែកមួយដែលផ្ទុះក្នុងពិភពបាល់ទាត់។ ខ្ញុំជឿថាខាងក្លិប Juventus នឹងអាចពិចារណាឲ្យបានឆាប់រហ័សបំផុតមួយចំពោះ Lionel Messi ។  ៉ 

ទាក់ទងនឹងកិច្ចសន្យារបស់តារាបាល់ទាត់ Lionel Messi ឬត្រូវគេហៅរហ្សនាម GOAT អតីតកីឡាករធ្លាប់លេងនៅ FC Barcelona ពីឆ្នាំ១៩៩៧ ដល់ឆ្នាំ២០០២ ខាងលើក៏បានបន្ថែមថាៈ

៉ ប្រសិនបើ Lionel Messi ពិតជាចាកចេញប្រាកដមែននោះ ខ្ញុំគិតថា FC Barcelona អាចនឹងមានភាពវឹកវរក្នុងការប្រកួត។ ប្រហែលជាគាត់ (Messi) មានការនឿយហត់ជាមួយបញ្ហាក្នុងរយៈប៉ុន្មានខែចុងក្រោយនេះជាមួយក្លិប។ វាប្រាកដជារឿងដ៏សោកសៅមួយ ប្រសិនបើគាត់ចាកចេញពី FC Barcelona នៅពេលអស់កិច្ចសន្យានាពេលខាងមុខ ប៉ុន្តែខ្ញុំសង្ឃឹមថារូបគាត់នឹងពិចារណាម្តងទៀតឲ្យបានម៉ត់ចត់។  ៉ 

គួរបញ្ជាក់ផងថាម្ចាស់អាវលេខ ១០ របស់ក្លិបម្ចាស់កីឡដ្ឋាន Camp Nou ខាងលើនៅមានកិច្ចសន្យាជាមួយក្លិបដោយមានសពុលភាពរហូតដល់ដំណាច់រដូវកាល២០២០/២០២១ ខណៈក្លិបក៏មានចេតនាបន្ថែមកិច្ចសន្យាថ្មីផងដែរ ប៉ុន្តែពុំទាន់មានការឆ្លើយតបពីភាគីសាមីខ្លួនជាច្រើនលើក ដែលនេះជាមូលហេតុចម្បងបង្កើតជាមន្ទិលសង្ស័យពីចេតនាចាកចេញដូចមានរៀបរាប់ខាងលើ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628