បាល់ទាត់

FIFA កំពុងសិក្សាបច្ចេកវិទ្យាជំនួយការអាជ្ញាកណ្តាលអេឡិចត្រូនិកថ្មី មានសមត្ថភាពលើសពី VAR

បច្ចេកវិទ្យាកាន់តែជឿនលឿន បាននាំឲ្យសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) កំពុងសិក្សាលើប្រព័ន្ធជំនួយការអាជ្ញាកណ្តាលអេឡិចត្រូនិកថ្មី ដែលមានសមត្ថភាពរហ័ស និងកំណត់មុខសញ្ញាខុសប្រក្រតីផ្សេងៗ ក្នុងទីលានបាល់ទាត់ខ្លាំងជាងជំនួយការអាជ្ញាកណ្តាលអេឡិចត្រូនិកបច្ចុប្បន្ន (VAR) ទៀតផង។

គម្រោងការសិក្សាលើប្រព័ន្ធបច្ចេកវិទ្យាថ្មីនេះត្រូវបានទម្លាយឲ្យដឹងពីលោក Julian Holzmuller  នាយកបច្ចេកទេសបច្ចេកវិទ្យានៃសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) ផ្ទាល់តែម្តង។

តាមការសម្ភាសន៍ជាមួយកាសែតអាល្លឺម៉ង់ នាយកបច្ចេកទេសរូបនេះបានថ្លែងបង្ហើបមុខងារសំខាន់ថ្មីៗ មួយចំនួនរបស់ជំនួយការអាជ្ញាកណ្តាលអេឡិចត្រូនិកថ្មីនេះ អាចមានសមត្ថភាពរហ័ស និងជឿនលឿនជាង ព្រមទាំងមានសុក្រឹតភាពខ្ពស់ជាងជំនួយការអាជ្ញាកណ្តាលអេឡិចត្រូនិកចាស់ (VAR) ផងដែរ។

កម្មវីធីថ្មីខាងលើមានសមត្ថភាពគូសបញ្ជាក់អំពីជំហរ Off-side ដោយស្វ័យប្រវត្តិ និងបញ្ចូនទិន្នន័យ ឬបង្ហាញជាសញ្ញាដល់មន្ត្រីអាជ្ញាកណ្តាលលើទីលានភ្លាមៗ តែម្តង ដោយមិនចំបាច់មានការតវ៉ា ឬមានការពិនិត្យមើលលើអេក្រង់ VAR ដូចមុនឡើយ។ ក្រៅពីនេះក៏អាចកត់សម្គាល់ការបង្ករកំហុសផ្សេងៗ មួយចំនួនទៀតរបស់កីឡាករក្នុងទីលានដូចជាការប៉ះទង្គិចគ្នារវាងកីឡាករ… ជាដើម រួចបញ្ចូន និងផ្តល់សញ្ញាទៅមន្ត្រីអាជ្ញាកណ្តាលផ្ទាល់ភ្លាមៗ ក្នុងការប្រកួត។

យ៉ាងណា! លោក Julian Holzmuller  នាយកបច្ចេកទេសបច្ចេកវិទ្យានៃសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) មិនទាន់បានឯកភាពដាក់ឲ្យប្រើប្រាស់នៅឡើយ ដោយបច្ចុប្បន្នភាពកំពុងស្ថិតនៅដំណាក់ការធ្វើតេស្តសាកល្បងជាមុនសិន ដោយអាចនឹងដាក់ឲ្យប្រើប្រាស់យ៉ាងឆាប់នៅក្នុងឆ្នាំ២០២២ ឯណោះ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628