បាល់ទាត់

Buffon បំបែកកំណត់ត្រាជាកីឡាករបង្ហាញខ្លួនច្រើនជាងគេក្នុងប្រវត្តិសាស្ត្រលីគកំពូលអ៊ីតាលី

កាលប្រកួតប្រចាំក្របខណ្ឌលីគកំពូលអ៊ីតាលីកាលពីយប់មិញ Juventus បានយកឈ្នះលើ Torino ក្នុងលទ្ធផល ៤ទល់១ ដោយក្នុងនោះផងដែរអ្នកចាំទីវ័យចាស់ Gianluigi Buffon បានបំបែកកំណត់ត្រាផ្ទាល់ខ្លួនប្រចាំលីគកំពូលល្បីល្បាញកម្រិតពិភពលោកមួយនេះ។

គិតក្នុងការបង្ហាញខ្លួនយប់មិញនេះទៀត កីឡាករវ័យ ៤២ ឆ្នាំខាងលើបានបង្ហាញខ្លួនសរុបក្នុងក្របខណ្ឌលីគកំពូលអ៊ីតាលីចំនួន ៦៤៨ លើកដែលជាចំនួនកត់ត្រាជាប្រវត្តិសាស្ត្រកីឡាករបង្ហាញខ្លួនច្រើនជាងគេបំផុតក្នុងក្របខណ្ឌមួយនេះ។

អ្នកចាំទីកម្ពស់ ១.៩២ ម៉ែត្រខាងលើ បានបូកបញ្ចូលស្ថិតិពីការបង្ហាញខ្លួនដំបូងនៅឆ្នាំ១៩៩៥ ជាមួយក្លិប Parma Calcio និងរហូតមកចូលរួមជាមួយ Juventus តាំងពីឆ្នាំ២០០១ ទល់ពេលនេះ ប៉ុន្តែធ្លាប់បានទៅលេងនៅលីគកំពូលបារាំងបាន ១ រដូវកាលមុនផងដែរ។

កំណត់ត្រាចាស់នៃកីឡាករបង្ហាញខ្លួនច្រើនជាងគេបំផុតគឺអតីតខ្សែការពារកណ្តាល Paolo Maldini របស់ក្លិប AC Milan ដែលបង្ហាញខ្លួនពីសរុប ៦៤៧ លើកពីចន្លោះឆ្នាំ១៩៨៤ ដល់ឆ្នាំ២០០៩ ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628