បាល់ទាត់

កូនកាត់បារាំង-វៀតណាម ផ្ទេរពីលីគទី២បារាំង ទៅកាន់លីគកំពូលសហរដ្ឋអាមេរិកជាផ្លូវការ

ជាផ្លូវការខ្សែការពារកូនកាត់ ២ សញ្ជាតិបារាំង-វៀតណាម Jason Pendant បានផ្ទេរពីក្លិប FC Sochaux ពីក្លិបលីគលំដាប់ទី២ បារាំង ទៅកាន់ក្លិប New York Red Bulls សមាជិកនៅក្របខណ្ឌលីគកំពូលសហរដ្ឋអាមេរិក។

កីឡាករខាងលើបច្ចុប្បន្នភាពមានវ័យ ២៣ ឆ្នាំ និងលេងក្នុងតំណែងខ្សែការពារស្លាបឆ្វេង។ កីឡាកររូបនេះមានឪពុកជាជនជាតិបារាំង និងម្តាយជាជនជាតិវៀតណាម ប៉ុន្តែរូបគេបានកើត និងធំធាត់នៅប្រទេសបារាំងតាំងពីតូច។ នៅក្នុងឆ្នាំ២០០៧ រូបគេបានមានឳកាសចូលហ្វឹកហាត់បាល់ទាត់ និងខិតខំរហូតដល់ឆ្នាំ២០១៦ ត្រូវបានតម្លើងចូលឈុតធំនៃក្លិប FC Sochaux ជាលើកដំបូង។

ចំណាយពេល ៤ រដូវកាលជាមួយក្លិបនៅក្របខណ្ឌលីគលំដាប់ទី២ បារាំងខាងលើបានបង្ហាញខ្លួនសរុប ៧៥ ប្រកួត។ កន្លងមកកីឡាករកម្ពស់ ១.៧៧ ម៉ែត្ររូបនេះក៏ធ្លាប់មានឳកាសជាប់ជម្រើសជាតិបារាំងឈុត U16 និង U18 បានមួយរយៈកាលខ្លីរួមផង។ ដ្បិតយ៉ាងនេះក្តី! ដោយសារតែពុំមានឳកាសបង្ហាញខ្លួនតទៀត កន្លងមកក៏ធ្លាប់មានចចាមអារ៉ាមថារូបគេអាចនឹងជ្រើសរើសលេងឲ្យជម្រើសជាតិវៀតណាមឈុតធំនាពេលខាងមុខផង។

នាពេលនេះ Jason Pendant បានសម្រេចចិត្តចាកចេញពីប្រទេសបារាំង ទៅទ្រនំថ្មីនាទឹកដីលីគកំពូលសហរដ្ឋអាមេរិកជាមួយក្លិប New York Red Bulls ដោយគ្រោងនឹងបង្ហាញខ្លួនពេលបើកដំណើរការលីគឡើងវិញបន្ទាប់ពីសម្រាកមួយរយៈដោយសារជំងឺ COVID-19 ៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628