បាល់ទាត់

ខ្សែប្រយុទ្ធជម្រើសជាតិអឺរ៉ង់ រកបាន២គ្រាប់យប់មិញជួយ Zenit ឈ្នះជើងឯកលីគកំពូលរុស្សី

លីគកំពូលរុស្សីរដូវកាល២០១៩/២០២០ បានស្វែងរកឃើញជើងឯកជាផ្លូវការពីយប់មិញនេះហើយ ដោយបានទៅលើក្លិប Zenit Saint Petersburg ឬហៅកាត់ខ្លី Zenit ក្រោយយកឈ្នះលើម្ចាស់ផ្ទះ FC Krasnodar ក្នុងលទ្ធផល ២ទល់៤ ។

ក្នុងចំណោម ៤ គ្រាប់ដែលក្លិបការពារតំណែងជើងឯកក្របខណ្ឌលីគកំពូលរុស្សីខាងលើរកបានមានចំនួន ២ គ្រាប់គឺជាការរួមចំណែករកបានដោយតារាឆ្នើមប្រចាំក្រុមជម្រើសជាតិអឺរ៉ង់ Sardar Azmoun នៅនាទី ៥ និងនាទី ៥២ ផងដែរ។

ដ្បិតនៅសល់ ៤ សប្តាហ៍ទៀតទើបបញ្ចប់ការប្រកួតលីគជាផ្លូវការ ប៉ុន្តែក្លិប Zenit មានពិន្ទុគ្រប់គ្រាន់ក្នុងការការពារតំណែងជើងឯកតពីរដូវកាលមុនបានសម្រេច ពោលដោយឆ្លងកាត់ ២៦ ប្រកួតកន្លងមក ឈ្នះ ១៩ លើក ស្មើរ ៥ លើក និងចាញ់តែ ២ លើកប៉ុណ្ណោះ និងមាន ៦២ ពិន្ទុដាច់ក្លិប Lokomotiv Moscow ដែលឈរលេខរៀងទី២ បណ្តោះអាសន្នមានត្រឹម ៤៩ ពិន្ទុ។

ក្រឡេកមើលខ្សែប្រយុទ្ធឆ្នើម ដែលត្រូវបានគេផ្តល់រហស្សនាម Messi អឺរ៉ង់ ខាងលើនេះវិញ បច្ចុប្បន្នក៏មានឈ្មោះស្ថិតនៅក្នុងតារាងអ្នកទាត់បញ្ចូលទីច្រើនជាងគេប្រចាំរដូវកាលនៅក្នុងលីគកំពូលរុស្សីលំដាប់ទី៣ ជារួមផង។

គួររំលឹកផងថា គ្រាប់បាល់ចុងក្រោយរបស់កីឡាករ Sardar Azmoun ក្នុងក្រុមជម្រើសជាតិអឺរ៉ង់ រូបគេរកបាន ៣ គ្រាប់ម្នាក់ឯង (Hat-trick) ក្នុងជំនួប អឺរ៉ង់ ឈ្នះ កម្ពុជា យើង ១៤ទល់០ កាលពីខែតុលា ឆ្នាំ២០១៩ កន្លងទៅក្នុងជំនួបប្រចាំពូល C នៃដំណើរជម្រុះ FIFA World Cup ឆ្នាំ២០២២ និង AFC Asian Cup ឆ្នាំ២០២៣ ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628