បាល់ទាត់

គ្រូថ្មីអារ៉ាប់រួមចេញកាលវិភាគហ្វឹកហាត់ ៣ដំណាក់កាល និងត្រៀមប្រកួតមិត្តភាព ៤លើកមុនជម្រុះវើលខាប់

សមាគមបាល់ទាត់អារ៉ាប់រួម (UAEFA) បានកំណត់ចេញកាលវិភាគកោះហៅកីឡាករជម្រើសជាតិឈុតធំ ប្រមូលផ្តុំហ្វឹកហាត់ត្រៀមខ្លួនសាឡើងវិញក្នុងដំណើរជម្រុះទៅកាន់ FIFA World Cup ឆ្នាំ២០២២ និង AFC Asian Cup ឆ្នាំ២០២៣ ក្រោយពីសម្រាក់មួយរយៈពេលក្នុងវិធានការទប់ស្កាត់ និងបង្ការជំងឺ COVID-19 ។

សមាគមបាល់ទាត់អារ៉ាប់រួម (UAEFA) បានសម្រេចតាមសំណើរបស់លោក Jorge Luis Pinto ដែលជាគ្រូបង្គោលនៃក្រុមជម្រើសជាតិឈុតធំរបស់ពួកគេ ទើបតែងតាំងថ្មីថ្មោង ដោយបានធ្វើការបែងចែកកាលវិភាគហ្វឹកហាត់ដល់ទៅ ៣ ដំណាក់កាល រួមទាំងមានគម្រោងលេងមិត្តភាពសាកល្បងទម្រង់លេងចំនួនដល់ទៅ ៤​ លើកថែមទៀត។

តាមការប្រកាសជាផ្លូវការ ការប្រមូលផ្តុំហ្វឹកហាត់ដំណាក់កាលទី១ នឹងរៀបចំពីថ្ងៃទី២២ ដល់ថ្ងៃទី២៧ ក្នុងខែកក្កដា​នេះ ដែលជាការប្រមូលផ្តុំហ្វឹកហាត់នៅក្នុងប្រទេសអារ៉ាប់រួមផ្ទាល់។

ចូលមកដល់ដំណាក់កាលទី២ នឹងរៀបចំពីថ្ងៃទី០១ ដល់ថ្ងៃទី២៣ ខែសីហា ដោយការហ្វឹកហាត់នេះអាចនឹងប្រមូលផ្តុំនៅក្នុងប្រទេសអារ៉ាប់រួមផង និងអាចធ្វើដំណើរបោះជំរុំហ្វឹកហាត់ក្រៅប្រទេសផងដែរ។ រួមទាំងអាចមានការរៀបចំប្រកួតមិត្តភាពចំនួន ២ លើកទៀត។

ជាចុងក្រោយដំណាក់កាលទី៣ នឹងប្រមូលផ្តុំចាប់ពីថ្ងៃទី៣១ ខែសីហា រហូតដល់ថ្ងៃទី០៩ ខែកញ្ញា ខណៈក្នុងដំណាក់នេះក៏អាចមានរៀបចំការប្រកួតមិត្តភាពចំនួន ២ លើកថែមទៀត ដោយអាស្រ័យតាមកាលវិភាគថ្ងៃសម្រាក់របស់សហព័ន្ធបាល់ទាត់ពិភពលោក (FIFA International Break Day) ។

ក្នុងដំណើរជម្រុះទៅកាន់ FIFA World Cup ឆ្នាំ២០២២ និង AFC Asian Cup ឆ្នាំ២០២៣ ក្រុមជម្រើសជាតិអារ៉ាប់រួម ស្ថិតនៅក្នុងពូល G ដោយបច្ចុប្បន្នភាពកំពុងឈរលេខរៀងទី៤ ក្នុងពូល ដោយប្រកួតបាន ៤ លើក ចាញ់ ២ និងឈ្នះ ២ ។

សម្រាប់កាលវិភាគហ្វឹកហាត់ខាងលើ គឺត្រៀមប្រកួតតទល់នឹង ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី នាថ្ងៃទី០៨ (ក្នុងដី) និងថ្ងៃទី១៣ (ក្រៅដី) ខែតុលា ឆ្នាំ២០២០ ៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628