បាល់ទាត់

សហព័ន្ធបាល់ទាត់កូឡុំប៊ី ត្រូវពិន័យ ៤.៦លានដុល្លារ លើករណីពុករលួយលក់សំបុត្រ World Cup 2018 កន្លងមក

សមាជិកជាន់ខ្ពស់មួយចំនួនក្នុងសហព័ន្ធបាល់ទាត់កូឡុំប៊ី (FCF) ត្រូវបានទទួលពិន័យសរុបជាទឹកប្រាក់ ៤.៦ លានដុល្លារ ក្រោយពីត្រូវស៊ើបអង្កេតឃើញថាបានរួមគំនិតគ្នាក្នុងការកេងចំណេញលក់សំបុត្រក្នុងព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០១៨ កន្លងទៅនាប្រទេសរុស្សី ដល់អ្នកគាំទ្រពួកគេ។

ការស៊ើបអង្កេតនេះបានត្រូវទម្លាយឲ្យដឹងថា មានការសង្ស័យអស់រយៈពេល ២ ឆ្នាំមកហើយ ខណៈមកទល់ពេលនេះបានប្រមូលភ័ស្តុតាងគ្រប់គ្រាន់ ដោយក្នុងនោះរួមមានសមាជិកជាន់ខ្ពស់មួយចំនួនក្នុងសហព័ន្ធបាល់ទាត់កូឡុំប៊ី រួមសហការជាមួយក្រុមហ៊ុនលក់សំបុត្រ ដែលចាប់ដៃគូជាមួយសហព័ន្ធបាល់ទាត់កូឡុំប៊ីនាពេលនោះគឺ TICKET YA រួមផង។

ការស៊ើបអង្កេតនេះបានរៀបចំក្រោមស្ថាប័ន អគ្គនាយកដ្ឋានឧស្សាហកម្ម និងពាណិជ្ជកម្មប្រចាំប្រទេសកូឡុំប៊ី ដោយបានសម្រេចដាក់ពាក្យបណ្តឹងជាផ្លូវការទៅកាន់តុលាការឲ្យចាត់វិធានការពិន័យ។ បើតាមការបង្ហាញទិន្នន័យ សំបុត្រចំនួនប្រមាណជាង ៤ មុឺន ត្រូវបានក្រុមអ្នកពាក់ព័ន្ធខាងលើធ្វើការបន្លំឡើងតម្លៃដែលថ្លៃដើមផ្តល់ពីសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) និងពីប្រទេសរុស្សី មកប្រមាណជាង ១៦.៤ ដុល្លារ តែធ្វើការលក់ឲ្យអ្នកគាំទ្រកើនដល់ចន្លោះជាង ៧០ ដុល្លារឯណោះ។

ដ្បិតមិនបានបង្ហាញមុខចំពោះសមាជិកជាន់ខ្ពស់មួយចំនួនក្នុងសហព័ន្ធបាល់ទាត់កូឡុំប៊ីនៅឡើយក្តី ប៉ុន្តែតាមការចុះផ្សាយ ការពិន័យនេះមានចំនួនជាទឹកប្រាក់សរុប ៤.៦ លានដុល្លារ។ ប៉ុន្តែក្នុងនោះ ប្រធានសហព័ន្ធលោក Ramon Jesurun និងលោក Alvaro Gonzalez ជាអនុប្រធានសហព័ន្ធ ត្រូវបានគេកត់សម្គាល់ថាជាអ្នកផ្តើមគំនិត។

រំលឹកឡើងវិញក្នុងព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០១៨ នៅប្រទេសរុស្សី ជម្រើសជាតិកូឡុំប៊ី ស្ថិតនៅក្នុងពូល H ដោយប្រកួតបានលទ្ធផលល្អឈរកំពូលតារាងពីលើ ជប៉ុន សេណេហ្គាល់ និងប៉ូឡូញ។ តែឡើងដល់វគ្គ ១៦ ក្រុមចុងក្រោយបានបរាជ័យក្រោមថ្វីជើង អង់គ្លេស ក្នុងបាល់កាត់សេចក្តី ១១ ម៉ែត្រ ៣ទល់៤ បន្ទាប់ពីការប្រកួតពេញវគ្គបានត្រឹមស្មើរ ១ទល់១ ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628