បាល់ទាត់

John Terry នឹងក្លាយជាអ្នកចាត់ការទូទៅជាលើកដំបូងនៅក្លិប Bristol City នារដូវកាលបន្ទាប់

វីរៈបុរសរបស់ក្លិបតោខៀវ Chelsea លោក John Terry នឹងចាប់អាជីពជាអ្នកចាត់ការទូទៅក្លិបលើកដំបូងនារដូវកាលបន្ទាប់ ដោយគ្រោងនឹងចាកចេញពីតំណែងគ្រូជំនួយ Aston Villa ទៅដឹកនាំនៅក្លិប Bristol City FC នាក្របខណ្ឌលីគលំដាប់ទី២ អង់គ្លេស។

តាមរបាយការណ៍ចុះផ្សាយព្រោងព្រៀតក្នុងតំបន់អឺរ៉ុប បានបង្ហាញឲ្យដឹងថាបុរសវ័យ ៣៩ ឆ្នាំខាងលើកំពុងស្ថិតនៅក្នុងដំណាក់កាលចរចារកិច្ចសន្យាដឹកនាំក្លិប Bristol City FC ដែលកំពុងប្រកួតប្រជែងនៅក្នុងក្របខណ្ឌ English Championship សម្រាប់រដូវកាលបន្ទាប់ ២០២០/២០២១ ។

គួរឲ្យដឹងថាដំណឹងខាងលើចាប់ផ្តើមផ្ទុះខ្លាំងក្នុងរយៈប៉ុន្មានម៉ោងនេះ ខណៈក្លិប Bristol City FC ទើបតែចែកផ្លូវពីអតីតអ្នកចាត់ការទូទៅលោក Lee Johnson កាលពីសប្តាហ៍មុន បន្ទាប់ពីរួមរស់ជាមួយគ្នាអស់រយៈពេលជាង ៤ ឆ្នាំ ពោលគឺបានមកដឹកនាំតាំងពីឆ្នាំ ២០១៦ មកម្ល៉េះ។ ដោយឡែកបច្ចុប្បន្នលោក Dean Holden ដែលមានតំណែងជាគ្រូជំនួយរបស់ក្លិប បានត្រូវតម្លើងឲ្យដឹកនាំជាបណ្តោះអាសន្ន។

លោក John Terry ដែលត្រូវប្រិយមិត្តស្គាល់ជាទូទៅថាជាវីរៈបុរសនៃក្លិប Chelsea បានចាកចេញពីក្លិបនេះមកចូលរួមជាមួយ Aston Villa បានមួយរដូវកាល ២០១៧/២០១៨ មុនសម្រេចចិត្តចូលនិវត្តន៍ និងបន្តអាជីពជាគ្រូជំនួយនៅក្លិបនេះទល់សព្វថ្ងៃតែម្តង៕

 

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628